ក្រុមបាតុករបានបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ដោយសារតែ ប្រាក់ចំណាយសម្រាប់ជីវិតប្រចាំថ្ងៃកើនឡើងខ្ពស់ ព្រោះតែការជ្រៀតជ្រែករបស់ណាតូក្នុងសង្គ្រាមអ៊ុយក្រែននិងរុស្ស៊ី។
សារព័ត៌មាន RT បានផ្សាយថាការធ្វើបាតុកម្មទ្រង់ទ្រាយធំ រៀបចំឡើងដោយសហជីព ដោយមានការចូលរួមពីប្រជាពលរដ្ឋប្រមាណ៨ម៉ឺននាក់នៅក្នុងរដ្ឋធានី Brussels ប្រទេសបែលហ្ស៊ិក នាថ្ងៃទី២០ខែមិថុនា ។
ប្រជាពលរដ្ឋរាប់សិបពាន់នាក់បានដង្ហែក្បួនពេញថ្នល់ ហើយអាកាសយានដ្ឋានក្នុងទីក្រុង Brussels ត្រូវលុបជើងហោះហើរ ដោយសារតែបុគ្គលិកនៅអាកាសយានដ្ឋានក៏ចូលរួមធ្វើបាតុកម្មផងដែរ ។ ចំណែកសេវាកម្មដឹកជញ្ជូនសាធារណៈនៅក្នុងទីក្រុងក៏ត្រូវផ្អាកផងដែរ។
ក្រុមបាតុករបានស្នើដល់រដ្ឋាភិបាលបែលហ្ស៊ិកដំឡើងប្រាក់ខែ និងកាត់បន្ថយពន្ធ ។ ក្រុមបាតុករក៏បានអំពាវនាវដល់បណ្តារដ្ឋាភិបាល «ចំណាយប្រាក់ដំឡើងប្រាក់ខែដល់ពលរដ្ឋ មិនត្រូវយកទៅទិញអាវុធនោះឡើយ»។
ទន្ទឹមនឹងប្រាក់ចំណាយប្រចាំថ្ងៃកើនឡើងខ្ពស់ ក្រុមបាតុករក៏បានបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ចំពោះសម្ព័ន្ធយោធាណាតូដឹកនាំដោយអាមេរិកដែលបានជ្រៀតជ្រែកចូលក្នុងសង្គ្រាមរវាងរុស្ស៊ីនឹងអ៊ុយក្រែន បង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចតំបន់អឺរ៉ុប។
ក្រុមបាតុករបានលើកឡើងថា ស្ថានភាពតម្លៃទំនិញឡើងថ្លៃ ការចំណាយប្រចាំថ្ងៃក៏កើនឡើងខ្ពស់គឺដោយសារតែស្ថានភាពសេដ្ឋកិច្ចជួបឧបសគ្គ ដោយសារតែការដាក់ទណ្ឌកម្មរបស់អឺរ៉ុបទៅលើប្រទេសរុស្ស៊ី ក៏ដូចជាការចូលរួមផ្តល់ជំនួយអាវុធរបស់ណាតូទៅឱ្យអ៊ុយក្រែនសម្រាប់ធ្វើសង្គ្រាមតទល់ជាមួយរុស្ស៊ីទើបធ្វើឱ្យរុស្ស៊ីវាយបកវិញ បង្កផលលំបាកយ៉ាងខ្លាំងដល់ការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋក្នុងតំបន់អឺរ៉ុប៕ ដោយ៖ ធីរីណា
រូបថត ៖ AFP