ព័ត៌មានទាន់ហេតុការណ៍៖

ក្បួនទម្រង់ការ” អាពាហ៍ពិពាហ៍”(តពីលេខមុន)

ចែករំលែក៖

(តពីលេខមុន)

  ន័យមួយទៀតមានទំនៀមថា ការធ្វើការមកដល់ត្រង់នេះហើយត្រូវផ្លាស់អ្នកផ្លូវស្រីចេញ បញ្ចូលអ្នកមហាប្រុសបីនាក់ចូលជំនួសព្រោះលោកថា អ្នកផ្លូវស្រីនោះមានអំណាចនិយាយការបានត្រឹមល្វែងឆ្វៀង តែសព្វថ្ងៃនេះគេច្រើនប្រើអ្នកផ្លូវប្រុសតែម្ដង តាំងពីដំបូងមកដោយហេតុនឹងរកស្រីដែលចេះនិយាយការក្នុងរឿងនេះបានដោយកម្រ ចំណែកឯប្រុសដែលធ្វើការជំនួសអ្នកផ្លូវស្រីនោះត្រូវប្ដឹងលោកមេបាតាំងពីដំបូងថា នឹងរកស្រីព្រហ្មចារីដែលចេះស្រដីការគ្រប់ជំពូក ធ្វើជាអ្នកផ្លូវជូនលោកមេបាពុំបាន នឹងរកស្រីចាស់ក៏រវល់ណាស់តែកូនយំ ហេតុនេះខ្ញុំប្របាទសូមនិយាយការទាំងពួងជំនួសអ្នកផ្លូវស្រី។

  មេបាត្រូវអនុញ្ញាតឲ្យ តែអ្នកផ្លូវប្រុសនោះត្រូវនិយាយការជាភាពស្រីរហូតមក។ ការមកដល់ត្រង់ស៊ីកំណត់នេះ ត្រូវផ្លាស់ភាពជាមហាប្រុសវិញ ត្រង់ទំនៀមថា មេបាត្រូវបង្គាប់ឲ្យអ្នកមហានេះរកតាំងយូ ស្បែកជើង សំពត់ហូលជរបីជាន់ អាវផាយ ថង់រង ក៏ជាគ្រឿងប្រដាប់សម្រាប់អ្នកមហាឲ្យមកសព្វគ្រប់ មេបានឹងបានតាំងជាមហាពេញយស កាលរកបានហើយមេបាត្រូវតាំងអ្នកទី១ ជាមហាទេព(១) អ្នកទី២ ជាមហាមន្ត្រី អ្នកទី៣ ជាមហាប្រះពាន បើរកគ្រឿងប្រដាប់ទាំងអម្បាលនោះមិនបាន ឬបានខ្លះ ខ្វះខ្លះត្រូវប្ដឹងទៅមេបាតាមការ មេបាត្រូវអនុញ្ញាតឲ្យតាមមាន តាមបានគ្រឿងសម្លៀកបំពាក់អ្នកមហានោះដូចម្ដេចខ្លះ ដូចមានពោលហើយខាងដើម។

១-ទំនៀមរាជការក្នុងបរមរាជវាំងសព្វថ្ងៃនេះ ឃើញតាំងងារមហាមន្ត្រីជាចាងហ្វាងស្ដាំ ងារមហាទេពជាចាងហ្វាងឆ្វេង ផ្ទុយគ្នានឹងងារអ្នកមហាទ្រង់ការនេះ តំណែងងារមហាមន្ត្រីមហាទេព ក៏មានមុខក្រសួងក្នុងរឿងនេះដែរ ហេតុម្ដេចក៏ត្រឡប់ផ្ទុយគ្នាទៅវិញ តែបើគិតមើលតាមទម្លាប់ដែលអ្នកស្រុកហៅសព្វថ្ងៃនេះ ឃើញហៅងារមហាទេពមន្ត ដូចគ្នានឹងទម្រង់ការ ឬបើនឹងគិតមើលតាមរូបឈ្មោះទាំងពីរនោះ ក៏ឃើញគួរឲ្យងារមហាទេពជាស្ដាំ។ ងារនេះក្នុងជំនាន់ដើម ប្រហែលជាមហាទេពនេះបន្ត ទើបត្រឡប់មកផ្លាស់គ្នាក្នុងរជ្ជកាលឯណានីមួយទេដឹង។

 វារៈទី៦: ត្រូវប្ដឹងថា ឥឡូវនេះភស្តុភារបណ្តាការ ស្លាដក់ ស្លាកន្សែង ស្លាថង់រងកំណត់គ្រប់គ្រឿងប្រពៃមូលមកសព្វគ្រប់ហើយ សូមលោកមេបាពិតពិលរមិលមើល បើឃើញខ្វះខាតនិងបំពេញជូនតាមការ។

  ខណៈនោះ មេបាស្រីត្រួតត្រាមើលគ្រឿងស្លាម្លូ មេបាប្រុសត្រួតមើលបណ្តាការឯទៀតរួចហើយអ្នកមហាត្រូវលើកគ្រឿងស្លាជូនទៅមេបាពិសាតាមទំនៀម មេបាត្រូវរៀបម្លីពិសាទូទៅគ្រប់គ្នា។

  តាមរបៀបទម្រង់ការច្បាប់ជ័យសួស្ដី មានបង្គាប់ទុកឱ្យលេងភ្លេងផ្សេងៗក្នុងពេលនោះ ដូចនឹងមានពោលដោយលំដាប់ទៅ ក៏ក្នុងឱកាសស៊ីកំណត់នេះ លោកថាត្រូវលេងភ្លេងជ្រងដើម បទជ្រងសម្ងាត់។

 វារៈទី៧: ត្រូវជម្រាបលោកមេបាឲ្យរៀបអង្គុយ និងបានរៀបស្ពកក្រយាជូនពិសា។ ពួកមេបាត្រូវរៀបគ្នាពិសាបាយ។ ក្នុងឱកាសនេះអ្នកភ្លេង ត្រូវលេងភ្លេងជ្រងដើម ១បទ ជ្រងសម្ងាត់៣បទនិងដោះក្រាល៣បទ។

  ប៉ុណ្ណេះឈ្មោះថាបានពាក់កណ្ដាលការហើយប្រសិនបើជាមានហេតុចលាចលក្នុងពិភពមណ្ឌលដោយប្រការឯណាក្តីបណ្ដាលឱ្យអាក់ខានរៀបការតទៅ លោកអនុញ្ញាតទុកឲ្យថា មេបាអាចនឹងចាប់ក្បាលអ្នកសាមីខ្លួនទង្គិចគ្នាឲ្យយកគ្នាជាប្ដីប្រពន្ធបាន។

  ក្នុងវេលារសៀលនាថ្ងៃដដែលនេះ អ្នកមើលការត្រូវចាត់ចែងគ្រឿងបណ្ដាការធំៗ និងគ្រឿងស្លាព្រះពរ ស្លាជ័យ ព្រមទាំងផ្កាស្លាមួយផង ឱ្យមនុស្សយកទៅរៀបនៅលើផ្ទះការហើយឱ្យអ្នកមហាទៅជម្រាបជូនមេបា។ (នៅមានត)

ពិនិត្យស្រាវជ្រាវតាមច្បាប់ដើមដោយ÷ចៅតាជេត


ចែករំលែក៖