ព័ត៌មានទាន់ហេតុការណ៍៖

លោក គីម ជុងអ៊ុន ចេញបញ្ជាឱ្យកងទ័ពបង្កើនសមត្ថភាពការពារជាតិ

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងបានផ្សាយនៅថ្ងៃទី២៤ខែមិថុនាថា មេដឹកនាំ គីម ជុងអ៊ុន បានចេញបញ្ជាឱ្យបង្កើនសមត្ថភាពការពារជាតិ។ ការបញ្ជាខាងលើកើតឡើងក្រោយកិច្ចប្រជុំមន្ត្រីយោធាដែលទើបតែបញ្ចប់ទៅ។
ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៤ ខែមិថុនា ឆ្នាំ២០២២បានផ្សាយថា ការបញ្ជាខាងលើរបស់មេដឹកនាំ គីម ជុងអ៊ុន ស្របពេលដែលអន្តរជាតិកំពុងមានការព្រួយបារម្ភអំពីកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ដូច្នេះថា «កិច្ចប្រជុំគណៈកម្មាធិការយោធាមជ្ឈិមលើកទី៨ ដែលបានរៀបចំឡើងអស់រយៈពេល៣ថ្ងៃមកនេះ គឺស្ថិតនៅក្រោមអធិបតីភាពរបស់លោក គីម បានអនុម័តលើបញ្ហាយ៉ាងសំខាន់មួយ ស្តីពីការផ្តល់ការធានាផ្នែកយោធា ដើម្បីបន្តពង្រឹងសមត្ថភាពបង្ការសង្រ្គាមរបស់ប្រទេសឱ្យកាន់តែរឹងមាំខ្លាំងក្លា។
ក្នុងអំឡុងកិច្ចប្រជុំនោះ រដ្ឋាភិបាលកូរ៉េខាងជើងក៏បានធ្វើការលើកឡើងយ៉ាងកម្រមួយអំពីការត្រួតពិនិត្យឡើងវិញចំពោះផែនការធ្វើសង្រ្គាមរបស់ខ្លួនផងដែរ ហើយបាននិយាយថា ខ្លួនបានសម្រេចបង្កើនភារកិច្ចប្រតិបត្តិនៃអង្គភាពជួរមុខជាមួយនឹងផែនការសកម្មភាពយោធាដ៏ចម្បងមួយ។
កិច្ចប្រជុំខាងលើបានប្រព្រឹត្តទៅ ក្រោមការតាមដានយ៉ាងដិតដល់ពីសំណាក់អន្តរជាតិ ដោយសារតែមានការរំពឹងទុកថា ទីក្រុងព្យុងយ៉ាងអាចធ្វើការសាកល្បងនុយក្លេអ៊ែរលើកដំបូងរបស់ខ្លួន ក្នុងរយៈពេល៥ឆ្នាំមកនេះ ដែលមន្រ្តីអាមេរិកនិងកូរ៉េខាងត្បូងនិយាយថា អាចកើតឡើងបានគ្រប់ពេលវេលា៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ KCNA)


ចែករំលែក៖