ខេត្តស្ទឹងត្រែង៖ ក្មេងស្រីក្រីក្រមិនទាន់គ្រប់អាយុ ជាអនីតិជនត្រូវបានចាញ់បោក អ្នកស្រីឯម សុផន យកមកធ្វើការឱ្យចាំផ្ទះចម្ការដោយសន្យាថាផ្តល់ប្រាក់ខែឱ្យសមរម្យ តែអស់រយៈពេល២ឆ្នាំមកហើយ លទ្ធផលប្រាក់ក៏បង់ថង់ក៏ដាច គឺបានត្រឹមតែសោការរងទឹកភ្នែក រងនូវការជេរស្តីបន្ទោសប្រមាថសព្វគ្រប់ និងចោទថាក្មេងស្រីនោះមានដៃមានជើងទៅវិញ ធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះកិត្តិយសទោះបីគាត់ក្រក៏ពិតមែនតែគាត់មានបេះដូងជាមនុស្សដូចយើងដែរ គួរតែកុំរើសអើង កុំសន្យាខ្យល់បោកប្រាស់ ជិះជាន់កម្លាំងពលកម្មលើកុមារដែលមិនទាន់គ្រប់អាយុ។
អ្នកស្រីឯម សុផន មិនបានផ្តល់ប្រាក់ខែ ឱ្យក្មេងស្រីរងគ្រោះនោះតាមសន្យាទេ និងមានគោលបំណងជិះម៉ូតូឌុបក្មេងស្រីរងគ្រោះគេចវេះមិនចង់នាំយកមកឱ្យជួបពេលឪពុកក្មេងស្រីរងគ្រោះគាត់ទៅយកមកផ្ទះវិញ។ ខណ:នោះក្មេងស្រីរងគ្រោះបាននិយាយទូរស័ព្ទជាមួយឪពុកខ្លួន ហើយអ្នកស្រីឯម សុផន បានចោទថានិយាយទូរស័ព្ទជាមួយប្រុស រួចក៏កញ្ឆក់យកទូរស័ព្ទពីដៃក្មេងស្រី ធ្វើឲ្យក្មេងស្រីធ្លាក់ពីលើម៉ូតូរងរបួសរលាត់ពេញខ្លួន ហើយមិនទទួលខុសត្រូវចេញថ្លៃថ្នាំព្យាបាលឡើយ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង៧យប់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នៅលើដងផ្លូវជាតិលេខ៧ ចេញពីចំណុចផ្លូវចូលភូមិញើញ ស្ថិតក្នុងភូមិគឺឡូ៨ សង្កាត់សាមគ្គី ក្រុង/ខេត្តស្ទឹងត្រែង។
តាមការលើកឡើងពីក្មេងស្រីរងគ្រោះឈ្មោះសុគា បានឱ្យអ្នកសារព័ត៌មានយើងដឹងថា នៅយប់ម៉ោងប្រមាណជា៧ជាងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ខ្លួនបានជិះម៉ូតូជាមួយអ៊ំស្រីឈ្មោះឯម សុផន ជាម្ចាស់ផ្ទះ រស់នៅក្នុងក្រុងស្ទឹងត្រែងហើយមានចម្ការនៅជិតផ្លូវចូលញើន ជាប់នឹងផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុង-ខេត្តស្ទឹងត្រែង។ ដោយអ៊ំស្រីឯម សុផន បាននាំត្រាក់ទ័រទៅភ្ជួរដីចម្ការនៅម្តុំផ្ទះក្មេងស្រីរងគ្រោះនៅភូមិវាលខ្សាច់ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ដោយឃើញជីវភាពគ្រួសារឪពុកម្តាយក្មេងស្រីក្រីក្រ គ្មានផ្ទះមានតែខ្ទមតូចមួយមានជីវភាពខ្វះមុខខ្វះក្រោយ អ៊ំស្រីឈ្មោះឯម សុផន ក៏បាននិយាយសុំឪពុកម្តាយគាត់ ឲ្យមកនៅជាមួយដោយសន្យាថាឱ្យប្រាក់ខែពី២០ម៉ីនរៀលទៅ៣០ម៉ីនរៀល ក្នុងមួយខែ និងហូបចុកស្លៀកពាក់លើគាត់ទាំងអស់។ ក្មេងស្រីរងគ្រោះបានបន្តទៀតថា តែផ្ទុយទៅវិញអ៊ំស្រីឯម សុផន មិនបានធ្វើដូចការសន្យាកាលពីមុននោះឡើយ កាលនោះក្មេងស្រីអាយុ១៤ឆ្នាំ មកដល់ឆ្នាំនេះគាត់អាយុ១៦ឆ្នាំហើយ រយៈពេលទៅរស់នៅចាំផ្ទះចម្ការជាអ្នកបម្រើការតាមផ្ទះត្រូវរងនូវការជេរប្រមាថសព្វគ្រប់ថែមទាំងគ្មានប្រាក់ខែផ្តល់ដូចគាត់តាមសន្យាឡើយ។ ទោះបីឪពុកនាងមកសុំយកទៅវិញក៏អ៊ំសុផននោះមិនឱ្យទៅដែរ។
នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នាងបានខលឱ្យឪពុកមកទទួលយកទៅផ្ទះវិញ តាំងពីថ្ងៃរហូតដល់យប់ដោយអ៊ំសុផនបានប្រាប់ឱ្យឪពុកនាងទៅចាំនៅខេត្ត ចាំគាត់ឌុបយកមកឱ្យមិនបាច់ទៅចម្ការនោះទេ។ គាត់ធ្វើនេះហាក់ដូចជាមានអាថ៌កំបាំង អូសបន្លាយពេលវេលាពេលជិះម៉ូតូមកតាមផ្លូវ ក្មេងស្រីរងគ្រោះបានខលទូរស័ព្ទនិយាយជាមួយឪពុកសុខៗស្រាប់តែអ៊ំស្រីនោះខឹងកញ្ឆក់ទូរស័ព្ទពីដៃក្មេងស្រីធ្វើឱ្យធ្លាក់ពីលើម៉ូតូ រងរបួសដាច់រលាត់ ឈឺពេញខ្លួនហើយមិនបានទទួលខុសត្រូវឡើយ រួចក៏បើកម៉ូតូធ្វើមិនដឹង ក្រោយមកទើបត្រឡប់មកយកវិញ តែក្មេងស្រីគាត់មិនព្រមជិះជាមួយទេ ក៏ដើរមករហូតនិងព្យាយាមទាក់ទងទៅឪពុកឱ្យមកយកនាង។ ដូច្នេះឪពុកក្មេងស្រី និងក្មេងស្រីរងគ្រោះបានសំណូមពរដល់អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសប្រព័ន្ធច្បាប់ និងអង្គការគាំពារកុមារមេត្តាជួយរកយុត្តិធម៌ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សូមជួយរកយុត្តិធម៌ដល់កូនស្រីគាត់ដែលមិនទាន់គ្រប់អាយុ បោកប្រើជិះជាន់កម្លាំងពលកម្មលើកុមារ មិនផ្តល់ប្រាក់កម្រៃតាមសន្យា ហើយថែមទាំងជេរប្រមាថ ចោទប្រកាន់ផ្តេសផ្តាសមកលើកូនស្រីគាត់រយៈពេល២ឆ្នាំមកហើយ។
ជុំវិញរឿងនេះអ្នកស្រីឯម សុផន ជាម្ចាស់ផ្ទះអ្នកជួលក្មេងស្រីរងគ្រោះដែលមិនបានផ្តល់ប្រាក់ខែនោះ បានឱ្យអ្នកសារព័ត៌មានយើងដឹងដែរថា ក្មេងស្រីខាងលើនោះគាត់បានជួលមកធ្វើការមែន តែក្មេងស្រីនោះវាមានដៃមានជើង ធ្វើឱ្យគាត់មិនពេញចិត្តទើបឱ្យឪពុកវាមកយកទៅវិញ តែរឿងវារងរបួសនោះ គឺវាធ្លាក់ខ្លួនឯងព្រោះវានិយាយទូរស័ព្ទជាមួយប្រុសវា ទើបវាធ្លាក់។ រឿងអ្វីច្រើនទៀតអ្នកស្រីមិនបានបកស្រាយឡើយ គ្រាន់តែប្រាប់ថាអ្នកស្រីជាប់ទៅសិក្ខាសាលានៅភ្នំពេញ ដោយបញ្ចាក់ថា: បើក្មេងស្រីនោះវាហ៊ាននិយាយបំភ្លៃការណ៍ពិត នឹងចាំជួបគ្នានៅមុខច្បាប់។ នេះយើងក៏មិនបានដឹងថា: អ្នកស្រីនិយាយនេះគំរាមកំហែង បំភិតបំភ័យបំបាក់ស្មារតីដល់ក្មេងស្រីរងគ្រោះ និងគ្រួសារគាត់ជាអ្នកក្រីក្រឬយ៉ាងណានោះទេ ក្នុងការបកស្រាយបំភ្លឺ របស់អ្នកស្រីខាងលើនេះ៕
ដោយ៖មាស សុផាត