នៅថ្ងៃទី២៧ខែមិថុនា ក្រុមហ៊ុនអាកាសចរណ៍អាមេរិកបានលុបជើងហោះហើរ៧៥០ជើង ដោយសារតែអាកាសធាតុមិនអំណោយផល និងកង្វះបុគ្គលិក។ ចំណែកនៅថ្ងៃទី២៦ខែមិថុនា ក៏មានជើងហោះហើរដល់ទៅ ៨៦០ជើងត្រូវបានលុបចោលផងដែរ ដោយសារតែស្ថានភាពដូចគ្នានេះ។
តាមគេហទំព័រដែលមានឯកទេសតាមដានការហោះហើរ Flightaware.com បានផ្សាយថាសរុបជើងហោះហើរក្នុងស្រុកនិងអន្តរជាតិទាំងទៅទាំងមកត្រូវបានលុចចោលសរុប៧៤៧ជើង គិតត្រឹមម៉ោង១និង៧នាទីរសៀលថ្ងៃទី ២៧ខែមិថុនា (ពេលវេលាអាមេរិក)។
ក្រុមហ៊ុនអាកាសចរណ៍ដែលលុបជើងហោះហើរច្រើនជាងគេគឺ Delta Air Lines មាន២០០ជើង, Republic Airways Inc មាន១៩៦ជើង និងUnited Airlines Holdings Inc មាន១២២ជើង ។ ជាមួយគ្នានេះ ក្រុមហ៊ុន American Airlines Group Inc ក៏លុបជើងហោះហើរ៦២ជើងផងដែរ ។
នៅតំបន់អឺរ៉ុបបណ្តាអាកាសយានដ្ឋានជួបបញ្ហាជាច្រើនដោយសារតែ កង្វះបុគ្គលិកទ្រង់ទ្រាយធំ បន្ទាប់ពីមានបុគ្គលិកជាច្រើននាំគ្នាធ្វើកូដកម្ម និងបុគ្គលិកផ្អាកការងារកាលពីផ្ទុះកូវីដ-១៩ មិនវិលត្រឡប់មកធ្វើការវិញ ដោយសារតែពួកគត់បានរកការងារផ្សេងធ្វើ៕ ដោយ៖ ធីរីណា
រូបថត ៖ AFP/TTXVN