ភ្នំពេញ៖ យុវជនមួយក្រុមទើបនឹងចេញពីផឹកស៊ីក្នុងក្លិបកម្សាន្តត្រូវបានភាគីមួយក្រុមទៀតនិយាយថា “ពួកជិះឡានកញ្ចាស់” ធ្វើឱ្យម្ចាស់ឡានខឹងក៏ស្រែកសួរវិញ ហើយក៏ត្រូវភាគីម្ខាងនោះស្រែកគំរាមរកដកកាំភ្លើងខ្លីបាញ់បំបែកក្បាល ធ្វើឱ្យម្ចាស់រថយន្តភ័យទៅប្តឹងសមត្ថកិច្ចឱ្យឃាត់រថយន្ដតែម្តង។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣និង២០នាទីទៀបភ្លឺ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ នៅមុខក្លិបកម្សាន្ត EDM3 ផ្លូវសប៊ិត ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
បើតាមសម្តីរបស់បុរសម្ចាស់រថយន្តតូយ៉ូតាព្រូស បានឱ្យដឹងថា មុនពេលកើតហេតុ រូបគាត់និងប្អូនស្រីៗចំនួន៣នាក់ទៀត បានចូលទៅរាំលេងកម្សាន្តនៅក្នុងក្លិបកម្សាន្ត ហើយពេលចប់កម្មវិធីក៏ចេញមកវិញ។ ពេលរូបគាត់ដើរទៅយករថយន្ត ស្រាប់តែមានភាគីមួយក្រុមទៀតដែលគេស្គាល់ថាឈ្មោះ “ប្រូវីដ” បានស្រែកឱ្យគាត់ថា “ជិះឡានព្រូសឡើងកញ្ចាស់”។ ភ្លាមៗនោះ រូបគាត់ (ម្ចាស់រថយន្តព្រូស) ខឹងក៏ស្រែកសួរទៅភាគីម្ខាងនោះថា “ស្រែកឱ្យអ្នកណា?”។ ចំណែកបក្សពួកភាគីខាង “ប្រូវីដ” បានស្រែកគំរាមគាត់ទៀតថា “យកកាំភ្លើងមកបាញ់ក្បាលវាទៅ” រួចក៏បើកឡានចេញទៅ ។ ពេលនោះត្រូវរូបគាត់ (ម្ចាស់រថយន្តព្រូស) បើករថយន្តដេញតាមរហូតទៅដល់ខាងជើងស្ថានទូតរុស្ស៊ី ក៏បានស្រែកប្តឹងសមត្ថកិច្ចឱ្យជួយឃាត់រថយន្ដនោះភ្លាមៗផងដែរ។
ប្រភពព័ត៌មានពីភាគីខាង’ប្រូវីដ” បានប្រាប់ឱ្យដឹងថា រូបគាត់បាននិយាយថាជិះឡានកញ្ចាស់មែន តែមិនមែនថាឱ្យពួកគាត់ជាម្ចាស់រថយន្តព្រូសនោះទេ គឺរូបគាត់ថាឱ្យឡានមិត្តភក្ដិរបស់ខ្លួនដែលឈប់នៅក្រោយរថយន្តនោះទេ ទើបមានការយល់ច្រឡំគ្នាតែម្តង។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានឃាត់ភាគីទាំងពីរដើម្បីត្រួតពិនិត្យ និងឆែកឆេរ តែរកមិនឃើញអ្វីដូចការចោទប្រកាន់គ្នានោះទេ ទើបសមត្ថកិច្ចសម្រេចឱ្យភាគីទាំង២ត្រឡប់ទៅផ្ទះវិញរៀងៗខ្លួនអស់ទៅ៕
ដោយ៖ជ្រោយពេជ្រ