ព័ត៌មានទាន់ហេតុការណ៍៖

ស្អែកនេះសាលាដំបូងរាជធានីភ្នំពេញនឹងប្រកាសសាលក្រមលើបណ្តឹងសុំនៅក្រៅឃុំរបស់លោកផ្កាយ៣ ឌួង ងៀប

ចែករំលែក៖

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ បានលើកយកបណ្តឹងសុំនៅក្រៅឃុំរបស់លោកផ្កាយ៣ ឌួង ងៀប មកបើកសវនាការតាមការស្នើសុំរបស់ជនត្រូវចោទ មុនជំនុំជម្រះលើអង្គសេចក្តី ។ សវនាការនោះត្រូវបានបញ្ចប់ទៅវិញ ប៉ុន្តែចៅក្រមជំនុំជម្រះមិនទាន់ប្រកាសសា លក្រមភ្លាមៗនៅឡើយទេ ដោយបានកំណត់យកថ្ងៃទី៧ ខែកក្កដា ស្អែកនេះ នឹងសម្រេចឱ្យឬមិនឱ្យម្ចាស់បណ្តឹងគឺលោក ឌួង ងៀបសុំនៅក្រៅឃុំនោះបានឬអត់។

    សូមជម្រាបថា លោក អុឹម វណ្ណៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ បានសម្រេចឃុំខ្លួនលោកផ្កាយ៣ ឌួង ងៀប អគ្គលេខាធិការរងនៃក្រសួងមហាផ្ទៃ ដាក់ពន្ធនាគារ PJ ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន(សែកស្អុយ) ។ 

    លោកឧត្តមសេនីយ៍ឯក ឌួង ងៀប ត្រូវបានសមត្តកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួននៅមុខសណ្ឋាគារ ដឺគ្រី ផ្លូវឌួង ងៀប សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ តាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់តុលាការ ។ ដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថា ក្រោយពីបានពិនិត្យលើសំណុំរឿងចប់សព្វគ្រប់យល់ឃើញថា ជនត្រូវចោទឈ្មោះ ឌួង ងៀប ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរជាមន្ត្រីរាជការ មានទីលំនៅផ្ទះ លេខ០៣ ផ្លូវឌួងងៀប២ កែងផ្លូវដោនថោន៣ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានចោទប្រកាន់ពីបទឆបោក និងបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៧ និងឆ្នាំ២០១៩ ដែលបទល្មើសមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។ យល់ឃើញថា ជនត្រូវចោទឈ្មោះ ឌួង ងៀប បានគេចវេះពីកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ ។ យល់ឃើញថា តាមដីកាបង្គាប់ឱ្យនាំខ្លួនចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានផុតរយៈពេលអនុវត្ត តែមន្ត្រីនគរបាលយុត្តិធម៌មិនអាចស្វែងរកជនត្រូវចោទរូបនេះឃើញដើម្បីអនុវត្តការនាំខ្លួនបាន ។ យល់ឃើញថា ដើម្បីធានាដល់ការស៊ើបសួរឱ្យបានពេញលេញ គប្បីសម្រេចឱ្យចាប់ខ្លួនឈ្មោះ ឌួង ងៀប យកមកចំពោះមុខចៅក្រមស៊ើបសួរ ដើម្បីអនុវត្តតាមបញ្ញត្តិមាត្រា ២៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។ 

    ហេតុដូច្នេះសម្រេចបញ្ជាដល់កម្លាំងសាធារណៈឱ្យចាប់ខ្លួន និងបង្គាប់ឱ្យប្រធានពន្ធនាគារ PJ ទទួលនិងឃុំខ្លួនឈ្មោះ ឌួង ងៀប ដើម្បីចាត់ការតាម ផ្លូវច្បាប់ ។ 

   សូមបញ្ជាក់ថា ការចាប់ឃុំខ្លួនលោក ឌួង ងៀប គឺនៅថ្ងៃទី១០ ខែកុម្ភៈ បន្ទាប់ពីលោកបានបង្ហោះឃ្លីបវីដេអូមួយពាក់ព័ន្ធកាលពីយប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ ដោយចោទប្រកាន់សាលាដំបូងរាជធានីភ្នំពេញ  ថា បានចាត់ការសំណុំរឿងរបស់លោកប្រែពីសទៅខ្មៅ និងចោទប្រកាន់លើរូបគាត់ថា បានឆបោកប្រាក់ពីជនជាតិចិនតៃវ៉ាន់ ដែលឃ្លីបវីដេអូនោះត្រូវបានបណ្តាញទំនាក់សង្គមយកទៅបង្ហោះនិងមានការចែកចាយតៗគ្នា ។

 តាមសេចក្តីបំភ្លឺរបស់អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នោះដែរបានបញ្ជាក់ថា លោក ឌួង ងៀប ត្រូវបានប្តឹងដោយឈ្មោះ CHIHYUEN និងឈ្មោះ YAO CHING KING កាលពីខែវិច្ឆិកា ឆ្នាំ២០២០ ពាក់ពន្ធនឹងការលក់អចលនវត្ថុមួយកន្លែង ដែលអ្នកទិញជាដើមបណ្តឹងបានប្រគល់ប្រាក់ថ្លៃដីគ្រប់ចំនួន៧.៣០៥.០០០ដុល្លារអាមេរិកឱ្យទៅជនត្រូវចោទឈ្មោះ ឌួង ងៀប រួចរាល់ហើយ ប៉ុន្តែជនត្រូវចោទពុំមានដីឱ្យទៅម្ចាស់ប្រាក់នោះឡើយ គឺមានតែ(ដីខ្យល់)។ 

    អ្នកនាំពាក្យបន្តថា ក្នុងការសម្របសម្រួលដោះស្រាយទំនាស់ លោក ឌួង ងៀប បានចេញមូលប្បទានបត្រចំនួន៣សន្លឹកដែលមានលេខ១៤៥៥៧៧ មានតម្លៃ ១.៦៥០.០០០ដុល្លារ លេខ២១៣៩៩៧ មានតម្លៃ៣.៦៥៥. ០០០ដុល្លារ និងលេខ១៣២៧៨៨ មានតម្លៃ ២.០០០.០០០ដុល្លារអាមេរិកឱ្យទៅដើមបណ្តឹងរដ្ឋប្បវេណី ។ 

បន្ទាប់មកដើមបណ្តឹងរដ្ឋប្បវេណីបានយកមូលប្បទានបត្រនោះទៅបើកប្រាក់ពីធនាគារ ប៉ុន្តែខាងធនាគារបញ្ជាក់ថា មូលប្បទានបត្រនេះគ្មានសាច់ប្រាក់ទេ ពោលគឺ(សែកស្អុយ) ។ អ្នកនាំពាក្យបានបន្តថា ក្នុង​ដំណាក់កាល​ស៊ើបសួរ ចៅក្រម​ស៊ើបសួរ​បាន​ពិនិត្យ​ផ្ទៀងផ្ទាត់​ភស្ដុ​តាង និង​សួរចម្លើយ​ជន​ត្រូវ​ចោទ​ឈ្មោះ ឌួង ងៀប ហើយ​បានសម្រេច​មិន​ឃុំខ្លួន​ជន​ត្រូវ​ចោទដោយ​ជំនួស​មកវិញ​នូវ​ការ​ដាក់​ជន​ត្រូវ​ចោទ​ឱ្យស្ថិតក្រោម​ការ​ត្រួតពិនិត្យ​តា​ម​ផ្លូវ​តុលាការ តាមរយៈ​ដី​កាស​ម្រេច​លេខ៤២៩៣«ម» ដ.ព.ស ចុះ​ថ្ងៃទី១៣ សីហា ឆ្នាំ២០២១ ដែល​មាន​កាតព្វកិច្ច​តម្រូវឱ្យជន​ត្រូវ​ចោទដាក់​ប្រាក់​ធានា​មិន​ឃុំខ្លួន​ចំ​នួន​៥.៣០៥.​០០០​ដុល្លារអាមេរិក មក​តម្កល់​នៅក្នុង​គណនី​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុងរយៈពេល១ខែ តែ​ជន​ត្រូវ​ចោទ​ពុំ​បាន​យក​ប្រាក់​ធានា​ខ្លួននេះ​មក​តម្កល់​តាម​ការកំណត់​ក្នុង​ដីកាសម្រេច​នោះ​ឡើយ ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖