ក្លិប Al Ittihad របស់អារ៉ាប៊ីសាអ៊ូឌីតបានតែងតាំងអតីតអ្នកចាត់ការទូទៅរបស់ក្រុម Tottenham Hotspur លោក Nuno Espirito Santo ជាគ្រូបង្វឹករហូតដល់ឆ្នាំ២០២៤។ នេះបើយោងតាមក្លិបបាល់ទាត់កំពូលមួយនេះបានប្រកាសកាលពីអង្គារ។
បុរសសញ្ជាតិព័រទុយហ្គាល់វ័យ៤៨ឆ្នាំរូបនេះបានអវត្តមានពីការងារចាប់តាំងពីក្រុម Spurs បានបណ្តេញគាត់ចេញកាលពីខែវិច្ឆិកា ឆ្នាំមុនបន្ទាប់ពីការប្រកួតចំនួន១៧ប្រកួត ក្រោយពីចាញ់ក្រុម Manchester United ក្នុងផ្ទះ ៣-០ ដែលបានធ្វើឱ្យក្រុមភាគខាងជើងទីក្រុងឡុងមួយនេះស្ថិតនៅចំណាត់ថ្នាក់ទី៨ក្នុងតារាង។
លោក Nuno ធ្លាប់ទទួលបានភាពជោគជ័យក្នុងអំឡុងពេល៤រដូវកាលរបស់គាត់នៅឯក្លិប Wolverhampton Wanderers ដែលបានឈ្នះការឡើងទៅកាន់ក្របខ័ណ្ឌ Premier League ក្នុងឆ្នាំ២០១៨ បន្ទាប់ពីអវត្តមានរយៈពេល៦ឆ្នាំ និងរក្សាបាននូវស្ថានភាពក្របខ័ណ្ឌកំពូលរបស់ពួកគេ។
លោក Nuno បាននិយាយនៅក្នុងវីដេអូមួយដែលចែករំលែកដោយក្លិបនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេថា “វាជាកិត្តិយសសម្រាប់ខ្ញុំក្នុងការចូលរួមជាមួយក្លិបដ៏អស្ចារ្យបំផុតនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត Al Ittihad”។
លោកក៏ធ្លាប់គ្រប់គ្រងក្រុម Valencia និង Porto ផងដែរ។ ក្រុម Al Ittihad នៅលីគកំពូលអារ៉ាប៊ីសាអ៊ូឌីតបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២នៅ Saudi Professional League កាលពីរដូវកាលមុន ៕
ដោយ៖ ភារៈ(រូបភាព៖ Reuters/CNA)