ព័ត៌មានទាន់ហេតុការណ៍៖

ចូលទិញកូនជ្រូកមួយភ្លែតចេញមកវិញចោរលួចម៉ូតូទៅបាត់

ចែករំលែក៖

​ភ្នំពេញ ៖ បុរស​ម្នាក់បើក​ម៉ូតូ​មក​ឈប់​ចត​ចូល​ទៅ​ទិញ​កូនជ្រូក​សន្សំ​លុយ​ឱ្យប្អូន​ដើម្បីជា​កាដូ​ក្នុង​ថ្ងៃខួបកំណើត នៅ​ខាង​មុខ​ហាង​លក់ទំនិញ​២៥០០៛ ហើយចេញមកវិញ​ស្រាប់តែ​ត្រូវ​ចោរលួច​ម៉ូតូ​យក​ទៅ​បាត់​។

ហេតុការណ៌នេះបង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើលឡើង​កាលពី​ម៉ោង​៩​និង​៤០​នាទី​យប់ ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២២ នៅ​​ចំណុច​ហាង​លក់ទំនិញ​២៥០០៛ យីហោ “វណ្ណ​នី​តា​” មានទីតាំងនៅតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។

   បើ​តាម​សម្តី​ជន​រង​គ្រោះដែល​មានឈ្មោះ ជុំ សុ​វ​ណ្ណា​រ៉ា អាយុ​៣៣​ឆ្នាំ ស្នាក់​នៅ​ក្បែរ​កន្លែង​កើតហេតុបាន​ឱ្យដឹង​ថា នៅ​មុន​ពេល​កើតហេតុរូប​គាត់​បានបើក​ម៉ូតូ​​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០២១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1IX-1152 ​ទៅ​ឈប់​ចត​នៅ​ខាង​មុខ​ហាង​លក់ទំនិញ​២៥០០៛ ដោយ​ចាក់សោ​​ក​ទុកត្រឹមត្រូវ និង​មាន​សន្តិសុខ​អង្គុយ​យាម​នៅ​ខាង​មុខ​ហាង​ផង​ដែរ ដើម្បីចូល​ទៅ​ទិញ​កូនជ្រូក​សន្សំ​លុយ​មួយទុកធ្វើជាកាដូ​ថ្ងៃ​ខួបកំណើត​ប្អូន ។

បុរស​រង​គ្រោះ​បន្ត​ថា លុះ​ចូល​ទៅ​ទិញ​កូនជ្រូក​ប្រហែល​៨​នាទី​ក្រោយមក រូប​គាត់​ក៏​បាន​ចេញ​មក​វិញ​ស្រាប់តែ​មិនឃើញ​ម៉ូតូ ហើយ​គាត់​ក៏​បាន​សួរ​ទៅ​សន្តិសុខ​យាមហាង​នោះ តែ​សន្តិសុខ​ហាង​រូប​នោះ​ឆ្លើយ​ថា គាត់​មិនដឹង​ទេ​។ ភ្លាមនោះក៏​មាន​ម្ចាស់​ហាង​បាន​មក​ដល់ រួច​ក៏​បានឱ្យបុគ្គលិក​បិទ​ហាង​តែ​ម្តងដោយ​មិន​មានការ​ដោះស្រាយ​អ្វី​ជាមួយ​ជន​រង​គ្រោះ​នោះ​ទេ​។

    បន្ទាប់ពី​កើតហេតុ ក៏​មាន​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់សួរនាំ និងដឹក​ជន​រង​គ្រោះ​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកថ្លា ដើម្បី​ឱ្យសមត្ថកិច្ច​ស្រាវជ្រាវ​តាម​ចាប់​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖