ព័ត៌មានទាន់ហេតុការណ៍៖

លោក សន្ដិបណ្ឌិត តេង សាវង្ស និងនាយកអង្គការ IJM អញ្ជើញចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នារវាង ក្រសួងមហាផ្ទៃ និងអង្គការ IJM សម្រាប់កិច្ចសហប្រតិបត្តិការ ៣ឆ្នាំបន្ដទៀត

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់អោយដឹងថា,នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០២២នេះ លោក សន្ដិបណ្ឌិត តេង សាវង្ស  រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក Jacob Sims នាយកអង្គការបេសកកម្មយុត្តិធម៌អន្ដរជាតិ (IJM) បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងមហាផ្ទៃ និងអង្គការ IJM សម្រាប់កិច្ចសហប្រតិបត្តិការរយៈពេល ៣ឆ្នាំបន្ដទៀត។

នាឱកាសនោះដែរ លោក សន្ដិបណ្ឌិត តេង សាវង្ស បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោក Jacob Sims នាយកអង្គការ IJM និងសហការី មកកាន់ទីស្ដីការក្រសួងមហាផ្ទៃ ជាថ្មីម្ដងទៀត។ លើសពីនេះ លោក ក៏មានសេចក្ដីសោមនស្សរីករាយ ដែលទទួលបានការចាត់តាំងពី សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ធ្វើជាតំណាងក្រសួងមហាផ្ទៃ ដើម្បីចុះហត្ថលេខាបន្ដសុពលភាព MOU នៃកិច្ចសហប្រតិបត្តិការរវាង ក្រសួងមហាផ្ទៃ និងអង្គការ IJM សម្រាប់រយៈពេល ០៣ឆ្នាំបន្ដទៀត បន្ទាប់ពី ឯកឧត្តម បានចូលរួមជាហត្ថលេខីម្ដងរួចមកហើយ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ កន្លងទៅ។

លោក បានបន្ដថា ក្នុងនាម សម្ដេចក្រឡាហោម ស ខេង និងក្នុងនាម លោក ផ្ទាល់ សូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីនៃអង្គការ IJM ដែលបានផ្ដល់កិច្ចសហប្រតិបត្តិការដ៏ល្អជាមួយ អគ្គស្នងការនគរបាលជាតិ និងអង្គភាពពាក់ព័ន្ធ ចំណុះក្រសួងមហាផ្ទៃ និងជាពិសេស នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការការពារអនីតិជន ដែលជាអង្គភាពធ្វើប្រតិបត្តិការផ្ទាល់ជាមួយអង្គការ IJM លើសកម្មភាពការងារដែលបានកំណត់នៅក្នុងវិសាលភាពនៃ MOU។

ជាមួយគ្នានេះដែរ លោក សន្ដិបណ្ឌិត តេង សាវង្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានសង្ឃឹម និងជឿជាក់ថា តាមរយៈស្មារតីនៃអនុស្សរណៈដែលត្រូវចុះហត្ថលេខានាពេលនេះ នឹងរួមចំណែកកាន់តែសកម្មថែមទៀត និងបង្កលក្ខខណ្ឌកាន់តែប្រសើរឡើង សម្រាប់ភាគីទាំងពីរ ក្នុងការបន្តភារកិច្ច និងបេសកកម្មរួមគ្នា ដើម្បីលុបបំបាត់បទល្មើសជួញដូរមនុស្ស ក្នុងគោលដៅលើកកម្ពស់សេចក្តីថ្លៃថ្នូរ សិទ្ធិ សេរីភាព សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ឆ្លៀតឱកាសនោះ លោក Jacob Sims នាយកអង្គការបេសកកម្មយុត្តិធម៌អន្ដរជាតិ (IJM) បានថ្លែងថា តាំងឱ្យអង្គការ IJM សូមសម្ដែងនូវការគោរពដ៏ជ្រាលជ្រៅ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោក សន្ដិបណ្ឌិត តេង សាវង្ស និងអ្នកពាក់ព័ន្ធទាំងអស់ បានចូលរួមក្នុងពិធីចុះហត្ថលេខានាពេលនេះ។ ជាងនេះទៅទៀត លោក នាយកអង្គការ IJM ក៏បានគាំទ្រចំពោះការលើកឡើងរបស់ ឯកឧត្តម សន្ដិបណ្ឌិត តេង សាវង្ស ដើម្បីធ្វើយ៉ាងណាលុបបំបាត់បទល្មើសជួញដូរមនុស្ស៕

ដោយ៖ សិលា


ចែករំលែក៖