ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងនៅរសៀលថ្ងៃសុក្រទី០៨ ខែកក្កដា ឆ្នាំ២០២២នេះថា៖ ភាពមិនមានអនុលោមក្នុងវិស័យប្រេងឥន្ធនៈត្រូវបានមន្រ្តីជំនាញ ក.ប.ប. បន្តរកឃើញលើដេប៉ូប្រេងឥន្ធនៈចំនួន ៨ទីតាំងទៀតក្នុងរាជធានី-ខេត្តចំនួន៨។
សូមជម្រាបថា មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង ខេត្តរតនគិរី ខេត្តសៀមរាប ខេត្តស្វាយរៀង និងខេត្តកណ្ដាល កាលពីថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ២០២២ បន្តប្រតិបត្តិការត្រួតពិនិត្យប្រេងឥន្ធនៈនៅតាមស្ថានីយ និងដេប៉ូ ដើម្បីស្វែករកភាពមិនអនុលោមណាមួយក្នុងវិស័យមួយនេះ និងដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់ ក៏ដូចជាទប់ស្កាត់អំពើមិនស្មោះត្រង់ពីសំណាក់ម្ចាស់ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈពីការកេងប្រវ័ញ្ចដោយចេតនា និងអចេតនាពីអតិថិជនដែលជាអ្នកប្រើប្រាស់។
តាមលទ្ធផលឃើញថាដេប៉ូប្រេងឥន្ធនៈចំនួន ៨ទីតាំងត្រូវបានមន្រ្តីជំនាញរកឃើញមិនមានអនុលោមភាព ក្នុងចំណោម ៤៥ទីតាំងដែលបានត្រួតពិនិត្យ និងចាត់វិធានការពិន័យអន្តរការណ៍ទៅតាមនីតិវិធីផងដែរ៕
ដោយ៖សហការី