ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋអស់៥ល្វែងមិនទាន់ដឹងពីមូលហេតុ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ផ្ទះចំនួន៥ល្វែងត្រូវបានអគ្គិភ័យឆាបឆេះបង្កការភ្ញាក់ផ្អើលកាលពីរសៀលម៉ោង១និង១៥នាទីថ្ងៃទី៨ខែកក្កដាឆ្នាំ២០២២នៅចំណុចទល់មុខចំណតរថយន្តក្រុងប៉ោយប៉ែតឋិតក្នុងភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត។

   នៅក្នុងស្ថានការណ៍អគ្គិភ័យនោះដែរគេឃើញអភិបាលខេត្តបន្ទាយមានជ័យលោកអ៊ុំ រាត្រី និងលោកអភិបាលក្រុងប៉ោយប៉ែតគាត ហ៊ុល ដឹកនាំកម្លាំងសមត្ថកិច្ចដើម្បីជួយធ្វើអន្តរាគមន៍ទប់ស្កាត់និងបាញ់ទឹកពន្លត់ផងដែរ។

    សមត្ថកិច្ចបានប្រាប់ថា ការប្រេីប្រាស់រថយន្ដពន្លត់អគ្គិភ័យនៅក្នុងហេតុការណ៍ខាងលើមានចំនួន៥គ្រឿង ក្នុងនោះមានរថយន្តរបស់អធិការដ្ឋាននគរបាលក្រុងប៉ោយបែតចំនួន១គ្រឿង ​រថយន្ត​របស់​អធិការដ្ឋាននគរបាលស្រុកអូរជ្រៅចំនួន ១គ្រឿង រថយន្តរបស់កាស៊ីណូត្រូពីកាណាចំនួន១គ្រឿង និងរថយន្តរបស់កាស៊ីណូហ្គ្រេនដាយមិនស៊ីធី Grand Daimond City ចំនួន ២គ្រឿង ទេីបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងនៅវេលាម៉ោងប្រមាណ២រសៀលថ្ងៃខែឆ្នាំដដែល។

    ប្រភពបន្តថា សរុបការខូចខាតរួមមាន ផ្ទះចំនួន៣ខ្នងត្រូវឆេះទាំងស្រុង ចំណែកចំនួន២ខ្នងទៀតខូចខាតប្រមាណ៧៥% រួមជាមួយសម្ភារមួយចំនួនធំ និងថវិកាមួយចំនួនធំផងដែរ។​

    តាមការរៀបរាប់របស់ម្ចាស់ផ្ទះបានប្រាប់ថា ការឆាបឆេះនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)បង្កជាអគ្គិភ័យតែម្តង ។  ប៊ុន្តែករណីខាងលើមិនបណ្ដាលឱ្យពលរដ្ឋណាម្នាក់រងរបួសឡើយ ហើយនៅក្នុងស្ថានការណ៍ខាងលើក៏មិនទាន់កំណត់ទឹកប្រាក់នៃទំហំខូចខាតដែលបណ្តាលមកពីអគ្គិភ័យនេះនៅឡើយព្រោះកម្លាំងសមត្ថកិច្ចកំពុងចុះធ្វើកំណត់ហេតុ៕

ដោយ ៖ វណ្ណា


ចែករំលែក៖