កម្លាំងទាហានអាកាសស្រីលង្កានៅថ្ងៃទី១៣ខែកក្កដា បានបញ្ជាក់ថា ប្រធានាធិបតី Gotabaya Rajapaksa និងក្រុមគ្រួសារបានចាកចេញពីប្រទេសស្រីលង្កាទៅកាន់ប្រទេសម៉ាល់ឌីវ។
សារព័ត៌មានរ៉យទ័របានផ្សាយថា «តាមច្បាប់រដ្ឋធម្មនុញ្ញ និងសំណើរបស់រដ្ឋាភិបាល កម្លាំងទាហានអាកាសស្រីលង្កាបានផ្តល់ជូនយន្តហោះមួយគ្រឿងដើម្បីដឹកប្រធានាធិបតីនិងភរិយាព្រមទាំងមន្ត្រីជាន់ខ្ពស់ពីររូបទៀតទៅកាន់ប្រទេសម៉ាល់ឌីវ។
តាមការលើកឡើងរបស់បុគ្គលិកអាកាសយានដ្ឋាន Male នៅប្រទេសម៉ាល់ឌីវបានបញ្ជាក់ថា មេដឹកនាំវ័យ៧៣ឆ្នាំនិងភរិយា ព្រមទាំងអង្គរក្សម្នាក់ត្រូវបានកម្លាំងប៉ូលិសការពារបញ្ជូនទៅកាន់ទីតាំងសម្ខាត់។
សារព័ត៌មាន AFP បានផ្សាយថា ប្រធានាធិបតីស្រីលង្កាបានខកខានជើងហោះហើរ៤លើកកន្លងមក ដើម្បីទៅកាន់ប្រទេសអារ៉ាប់រួម។ កាលពីថ្ងៃទី១១ខែកក្កដា ប្រធានាធិបតី Rajapaksa បានទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Bandaranaike ក្នុងរដ្ឋធានីកូឡុំបូ ដើម្បីទៅកាន់ទីក្រុងឌូបៃ ។ ប៉ុន្តែបុគ្គលិកក្នុងអាកាសយានដ្ឋានមិនព្រមទៅកាន់បន្ទប់VIP ដើម្បីបោះត្រា ដោយសារតែប្រធានាធិបតីមិនព្រមឡើងយន្តហោះតាមទ្វារធម្មតា ដោយខ្លាចត្រូវពលរដ្ឋផ្សេងទៀតវាយប្រហារពេលឡើងយន្តហោះ ៕ ដោយ៖ ធីរីណា
រូបថត ៖ AFP