ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ៖ រដ្ឋបាលរាជធានីភ្នំពេញត្រៀម សាងសង់ រោងចក្រផលិតទឹកស្អាត មួយទៀត នៅសង្កាត់បឹងធំ ដែលមានសមត្ថភាពផលិតទឹកស្អាតបាន៥០០០ម៉ែត្រគីបក្នុង១ថ្ងៃ ដើម្បីបម្រើតាម តម្រូវការ របស់ប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖  លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ រដ្ឋបាល រាជធានី​ភ្នំពេញ ត្រៀមសាងសង់ រោងចក្រផលិតទឹកស្អាតមួយកន្លែងទៀត មានសមត្ថភាពផលិតទឹកស្អាតបាន៥០០០ម៉ែត្រគីបក្នុង១ថ្ងៃ ដែលមានទីតាំង លើដីសណ្តស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិបឹងធំ២ ,ភូមិបឹងធំ៣ ,សង្កាត់បឹងធំ ខណ្ឌកំបូល ដើម្បឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ ។ 

  លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ ខណៈលោក ចុះពិនិត្យ មើលស្ថានភាព ទឹក​សណ្ដស្ទឹង​ព្រែក​ត្នោត ជាមួយនិង មន្ដ្រីមន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ លើគម្រោង​ទីតាំង​សាងសង់​ស្ថានីយ​ទឹក​ស្អាត​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ ដើម្បីឲ្យ ដំណើរការនៃគម្រោង នេះទទួលបាន ភាពជោគជ័យ បំពេញបាននូវបំណងចង់បានរបស់បងប្អូនប្រជាពលរដ្ឋ  នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។ 

     បើតាមមន្ត្រី​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ បានអោយដឹងថា៖ គម្រោង​សាងសង់​ស្ថានីយ​ទឹក​ស្អាត​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញខាងលើនេះ មានឈ្មោះថា ជារោងចក្រផលិតទឹកស្អាតបឹងធំ ដែលមានសមត្ថភាពផលិតទឹកស្អាតបាន៥០០០ម៉ែត្រគីបក្នុងមួយថ្ងៃ ដោយផ្តើមសាងសង់នៅក្នុងឆ្នាំ២០២២ ដល់២០២៤ លើផ្ទៃដី៣០ហិចតា ។ 

   រោងចក្រ​ប្រព្រឹត្តិ​កម្មទឹកស្អាត​នេះ អាចផ្គត់ផ្គង់ទឹកស្អាត អោយបងប្អូនប្រជាពលរដ្ឋបាននៅភាគខាង​លិច​ឆៀង​ខាង​ត្បូងរាជធានីភ្នំពេញ នៅស្រុក​កណ្ដាល​ស្ទឹងខេត្តកណ្តាល និង​មួយ​ផ្នែក​ទៀត នៅអាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​ ខេត្ដកណ្ដាល ។ 

   រោងចក្រផលិតទឹកស្អាតបឹងធំ ជាជំហានទី១ នៅឆ្នាំ២០២៣នឹងអាចអោយបងប្អូនប្រជាពលរដ្ឋ ប្រើប្រាស់ទឹកស្អាតនេះបាន នៅក្នុង ៣សង្កាត់ នៃខណ្ឌកំបូល ហើយនឹងបន្តពង្រឹកវិសាលភាពអោយកាន់តែធំបន្ថែមទៀត សំដៅធ្វើយ៉ាងណាអោយប្រជាពលរដ្ឋ រស់ នៅស្អាត ផឹកទឹកស្អាត មានអនាម័យល្អ ទៅតាមគោលនយោបាយរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

   លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាមានគុណ បំណាច់ច្រើនណាស់សម្រាប់ប្រជាជនកម្ពុជា.ទី១. យើងបាន រំដោះប្រជាពលរដ្ឋកម្ពុជាឱ្យរួចពីការកាប់ សម្លាប់របស់ប៉ុលពតនៅថ្ងៃ៧មករាឆ្នាំ១៩៧៩ ទី២. បានការពារជីវិតប្រជាពលរដ្ឋកម្ពុជាម្តងទៀតពីជំងឺកូវីដ-១៩ និងទី៣ សម្តេចបានគិតគូធ្វើយ៉ាងណាអោយប្រជាពលរដ្ឋ រស់នៅស្អាត ហូបស្អាត  បរិស្ថានល្អ តាមរយៈការ បង្កើតឲ្យ មានរោងចក្រ​ផលិតទឹកស្អាត​នេះឯង៕

ដោយ ៖ សំរិត


ចែករំលែក៖