ព័ត៌មានទាន់ហេតុការណ៍៖

តម្លៃប្រាក់អឺរ៉ូធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មានរយៈពេល២០ឆ្នាំកន្លងមក

ចែករំលែក៖

តម្លៃប្រាក់អឺរ៉ូ នៅលើទីផ្សារនាថ្ងៃទី១១ខែកក្កដា បានធ្លាក់ថ្លៃយ៉ាងខ្លាំងមិនធ្លាប់មានក្នុងរយៈពេល ២០ឆ្នាំកន្លងមក ដោយពេលនេះប្រាក់អឺរ៉ូមានតម្លៃស្មើនឹងប្រាក់ដុល្លារអាមេរិក។
កត្តាធ្វើឱ្យប្រាក់អឺរ៉ូធ្លាក់ថ្លៃដោយសារតែសង្គ្រាមនៅអ៊ុយក្រែន និងការដាក់ទណ្ឌកម្មរបស់អឺរ៉ុបទៅលើប្រទេសរុស្ស៊ី ក៏ដូចជាការវាយបកពីរុស្ស៊ីដែលកាត់បន្ថយនិងកាត់ផ្តាច់ការផ្គង់ផ្គង់ឧស្ម័នដល់ប្រទេសតំបន់អឺរ៉ុប។ មួយវិញទៀតបើចងទិញឧស្ម័នពីរុស្ស៊ីគឺត្រូវតែដូរលុយអឺរ៉ូទៅជាលុយរុស្ស៊ីវិញដើម្បីទិញថាមពលពីរុស្ស៊ីបាន។
ប្រទេសចាយប្រាក់រួម Eurozone កំពុងប្រឈមនឹងបញ្ហាក្រោយតម្លៃប្រាក់អឺរ៉ូធ្លាក់ថ្លៃ នៅសល់ស្មើនឹងតម្លៃប្រាក់ដុល្លារអាមេរិក។ ទាំងនោះហើយទើបការចំណាយរបស់ពលរដ្ឋនឹងកើនឡើងខ្ពស់ផងដែរ ។ ការធ្វើចរាចរណ៍នៅលើទីផ្សារនាថ្ងៃទី១១ខែកក្កដា គឺ១ អឺរ៉ូ ស្មើនឹង 1,0053 USD នេះជាការធ្លាក់ចុះទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល២០ឆ្នាំកន្លងមក។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ការធ្លាក់ថ្លៃប្រាក់អឺរ៉ូ គឺដោយសារតែវិបត្តិថាមពលនៅអឺរ៉ុប ពិសេសពេលបំពង់បង្ហូរឧស្ម័ន Nord Stream1 បានផ្អាកបញ្ជូនឧស្ម័នទៅកាន់អឺរ៉ុបចាប់ពីថ្ងៃទី១១ខែកក្កដា ដើម្បីថែទាំជួលជុលបំពង់បង្ហូរជាប្រចាំ ។
បច្ចុប្បន្ននេះទីផ្សារកំពុងផ្តោតលើទិន្នន័យអតិផរណានៅសហរដ្ឋអាមេរិកដែលរំពឹងថានឹងចេញផ្សាយនៅថ្ងៃទី១៣ខែកក្កដា ដែលក្នុងនោះអត្រាអតិផរណាអាចស្ថិតនៅកម្រិត 8.8%។ យោងតាមអ្នកជំនាញ នៅពេលដែលអតិផរណាឡើងខ្ពស់ ធនាគារកណ្តាលអាមេរិក (Fed) ប្រហែលជាត្រូវដំឡើងអត្រាការប្រាក់ 0.75% ក្នុងខែនេះ។ ដូច្នេះហើយ ការដែលអាមេរិកអាចបន្តដំឡើងអត្រាការប្រាក់យ៉ាងខ្លាំង ខណៈដែលតំបន់ចាយប្រាក់អឺរ៉ូ ទើបតែមានគម្រោងផ្លាស់ប្តូរអត្រាការប្រាក់ក្នុងខែនេះកាន់តែធ្វើឱ្យប្រាក់ដុល្លារឡើងថ្លៃ និងដាក់សម្ពាធលើប្រាក់អឺរ៉ូ អាចនឹងធ្វើឱ្យប្រាក់អឺរ៉ូបន្តធ្លាក់ថ្លៃទៀត៕ ដោយ៖ ធីរីណា

រូបភាព៖ ttxvn


ចែករំលែក៖