ព័ត៌មានទាន់ហេតុការណ៍៖

លោក​ នេត្រ​ ភក្ត្រា​ ៖​ បច្ចុប្បន្ននេះ បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំលែងកើតមានទៀតហើយ គឺនៅមានបទល្មើសខ្នាតតូចដែលយើងចាំបាច់ត្រូវបន្តទប់ស្កាត់និងបង្ក្រាប

ចែករំលែក៖

ខេត្ត​ព្រះវិហារ ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងថា​ ក្រសួងបរិស្ថាន​ បន្តចុះបណ្តុះបណ្តាលអំពីគោលការណ៍ណែនាំស្តីពីបែបបទ និងនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ស៊ើបអង្កេត និងរៀបចំសំណុំរឿងសម្អាងបទល្មើសនិងបទល្មើសសម្អាតប្រាក់ដែលពន្លាតចេញពីបទល្មើសដើមនៃបទល្មើសធនធានធម្មជាតិ ជូនមន្ត្រីឧទ្យានុរក្សជាមន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីអនុវត្តច្បាប់ចំនួន ៤០ រូបរបស់មន្ទីរបរិស្ថានខេត្តព្រះវិហារ។ ការបណ្តុះបណ្តាលដែលប្រព្រឹត្តឡើងនៅមន្ទីរ បរិស្ថានខេត្តព្រះវិហារនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋ លេខាធិការនិងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារប្រឆាំងការសម្អាតប្រាក់ នៃក្រសួងបរិស្ថានក្នុងក្របខណ្ឌ នៃការពង្រឹងសមត្ថភាពមន្ត្រីនគរបាលយុត្តិធម៌ដើម្បីចូលរួមប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរ វកម្មដែលកើតចេញពីផលនៃបទល្មើសធនធានធម្មជាតិ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបាន គូសបញ្ជាក់ថា ក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ ក្រសួងបរិស្ថានបានចូលរួមយ៉ាងសកម្មជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងយន្តការនិងប្រព័ន្ធការងារអចិន្ត្រៃយ៍របស់ក្រសួងបរិស្ថាន ក្នុងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវ កម្ម និងបង្កើនប្រសិទ្ធភាពនៃការទប់ស្កាត់បទល្មើសនៃការសម្អាតប្រាក់។

នៅក្នុងការបណ្តុះបណ្តាលនេះ ក្រុមការងារប្រឆាំងការសម្អាតប្រាក់នៃក្រសួងបរិស្ថាន បានធ្វើបទបង្ហាញពាក់ព័ន្ធនឹងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ច្បាប់ស្តីពីការប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងនីតិវិធីប្រតិបត្តិសង្ត់ដារសម្រាប់អនុវត្តនៅក្នុងការប្រឆាំងការសម្អាតប្រាក់។ លោករដ្ឋលេខាធិការ នេត្រ​ ភក្ត្រា បានលើកឡើងថា មន្ត្រីនគរបាលយុត្តិធម៌​ នឹងត្រូវពន្លាតលើបទល្មើសនៃការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ក្នុងករណីរកឃើញថា បទល្មើសដើមនៃបទល្មើសព្រៃឈើ និងបទល្មើសត្វព្រៃខុសច្បាប់មានតម្រុយពាក់ព័ន្ធនឹងការសម្អាតប្រាក់។  

លោករដ្ឋលេខាធិការបានគូសបញ្ជាក់ថាបច្ចុប្បន្ននេះ បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំលែងកើតមានទៀតហើយ គឺនៅមានបទល្មើសខ្នាតតូចដែលយើងចាំបាច់ត្រូវបន្តទប់ស្កាត់និងបង្ក្រាប។ លោករដ្ឋលេខាធិការ​ បានជំរុញឱ្យមន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីអនុវត្តច្បាប់ ត្រូវតែបង្កើនការយកចិត្តទុកដាក់ និងបន្តអនុវត្តច្បាប់ឱ្យបានម៉ត់ចត់ និងប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈដើម្បីបង្កើនប្រសិទ្ធភាពខ្ពស់ក្នុងកិច្ចការពារ និងអភិរក្សធន ធានធម្មជាតិ និងជាពិសេសទប់ស្កាត់ និងបង្ក្រាបបទល្មើសទាក់ទង នឹងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ។  

ខេត្តព្រះវិហារ គឺជាខេត្តទី៨ នៃខេត្តដែលមានតំបន់ការពារធម្មជាតិ ដែលមន្ត្រីនគរបាលយុត្តិធម៌របស់ក្រសួងបរិស្ថានទទួលបានការបណ្តុះបណ្តាលពង្រឹងសមត្ថភាពលើការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មក្នុងបទល្មើសធនធានធម្មជាតិពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ និងបទល្មើសជួញដូរសត្វ ព្រៃខុសច្បាប់។ មន្ត្រីនគរបាលយុត្តិធម៌នៃមន្ទីរបរិស្ថានដែលបានទទួលការបណ្តុះបណ្តាលរួចហើយរួមមាន ខេត្តកំពង់ស្ពឺ ខេត្តកែប ខេត្តកំពត ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី នៅក្នុងគោលបំណងដើម្បីពង្រឹងបន្ថែមយន្តការនិងប្រព័ន្ធការងារ បង្កើនសមត្ថភាពមន្ត្រីអនុវត្តច្បាប់ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ និងបទល្មើសពាក់ព័ន្ធនឹង​​ការសម្អាតប្រាក់។ គួរបញ្ជាក់ថា ក្រសួងបរិស្ថានមានមន្ត្រីនគរបាល និងមន្ត្រីអនុវត្តច្បាប់សរុបជាង ១៤២២ នាក់៕

ដោយ​៖សហការី​


ចែករំលែក៖