អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអង់គ្លេស លោក Rishi Sunak នៅតែបន្តនាំមុខទៅលើបេក្ខភាព៣រូបផ្សេងទៀតនៅក្នុងការប្រកួតប្រជែងតំណែងនាយករដ្ឋមន្ត្រីអង់គ្លេស ជំនួសលោកបូរីសចនសុន ។
បច្ចុប្បន្ននៅមានបេក្ខភាពនាយករដ្ឋមន្ត្រី៤រូបតែប៉ុណ្ណោះ ហើយនៅក្នុងការបោះឆ្នោតលើកទី៣កន្លងមក លោក Rishi Sunak ទទួលបានសំឡេងគាំទ្រ ១១៥សំឡេង នាំមុខលើអតីតរដ្ឋមន្ត្រីការពារជាតិដែលទទួលបានសំឡេងគាំទ្រតែ៨២សំឡេង និងរដ្ឋមន្ត្រីការបរទេស Liz Truss ទទួលបាន៧១សំឡេង។
ចាប់តាំងពីលោក Boris លោកJohnson បានប្រកាសលាលែងចេញពីតំណែងនៅដើមខែកក្កដានេះ ក្រោយពេលលោកបាតបង់ការគាំទ្រពីបណ្តារដ្ឋមន្ត្រី និងមន្ត្រីរដ្ឋាភិបាល ។ នៅពេលនេះការប្រកួតប្រជែងតំណែងនាយករដ្ឋន្ត្រីជំនួសលោក Boris Johnson កំពុងតែស្វិតស្វាញ។
ប្រធានគណៈកម្មការកិច្ចការបរទេស Tom Tugendhat និងជាអតីតមន្ត្រីយោធា បានដកខ្លួនចេញពីការប្រកួតប្រជែងតំណែងនាយករដ្ឋមន្ត្រី ។ ក្នុងពេលនេះដែរ តំណាងរាស្ត្រទាំង៣៦០រូបនឹងត្រូវបោះឆ្នោតជ្រើសរើសតំណែងនាយករដ្ឋមន្ត្រីនៅចុងសប្តាហ៍នេះ។ ចំណែកតំណែងនាយករដ្ឋមន្ត្រីថ្មីនឹងត្រូវប្រកាសនៅថ្ងៃទី ៥ខែកញ្ញា ៕ ដោយ៖ ធីរីណា
រូបថត ៖ Reuters