មានមនុស្ស១៤០នាក់បានធ្លាក់ចូលក្នុងដងទន្លេ Indus ប្រទេសប៉ាគីស្ថាននាថ្ងៃទី១៨ខែកក្កដា បណ្តាលឱ្យមនុស្ស២០នាក់ស្លាប់។
សារព័ត៌មាន Al-jazeera បានផ្សាយថា មន្ត្រីប៉ាគីស្ថានបានបញ្ជាក់ថា មកទល់ពេលនេះក្រុមជួយសង្គ្រោះរកឃើញសាកសព២០ នាក់ហើយ។ ជាមួយគ្នានេះដែរ ក្រុមជួយសង្គ្រោះក៏បានជួយអ្នកដំណើរបានជិត៩០នាក់ផងដែរ និងនៅមានអ្នកបាត់ខ្លួនប្រមាណ៣០នាក់ទៀត។
តាមការបញ្ជាក់របស់ក្រុមជួយសង្គ្រោះ អ្នកធ្វើដំណើរនៅលើស្រឡាងដែលជួបគ្រោះថ្នាក់នោះគឺជាសាច់ញាតិ ក្រុមគ្រួសារមួយធ្វើដំណើរទៅកាន់ត្រើយម្ខាងទន្លេដើម្បីចូលរួមពិធីរៀបការរបស់បងប្អូន។
លោក Aslam Tasleem មន្ត្រីក្នុងតំបន់បាននិយាយទៅកាន់ សារព័ត៌មាន Geo News ថា យើងមិនប្រាកដថាមានមនុស្សប៉ុន្មាននាក់នៅលើស្រឡាងនោះឡើយ ប៉ុន្តែយើងទទួលបានព័ត៌មានពីក្រុមគ្រួសារអ្នកដំណើរនៅលើស្រឡាងនោះគឺប្រមាណ ១៤០នាក់។
សារព័ត៌មាន AP បានផ្សាយថា ពេលគ្រោះថ្នាក់កើតឡើង គឺស្រឡាងនិះស្ថិតនៅក្នុងដងទន្លេក្នុងស្រុក Sadiqabad ចម្ងាយពីទីក្រុង Multan ៣៥០គីឡូម៉ែត្រនៅភាគខាងត្បូង។ តាមសារព័ត៌មានAPកូនកម្លោះ ស្ថិតនៅក្នុងចំណោមមនុស្ស ៩០នាក់ដែលជួយសង្គ្រោះទាន់ពេលវេលា ។ អ្នកដំណើរនៅលើស្រឡាងនោះភាគច្រើនជាស្ត្រីនិងកុមារ ។ មូលហេតុបណ្តាលឱ្យមានគ្រោះថ្នាក់កំពុងតែស្រាវជ្រាវ។
នៅពេលនេះដែរ ក្រុមជួយសង្គ្រោះ ដែលមានអ្នកជំនាញមុជទឹក ៣៥នាក់កំពុងស្វែងរកអ្នកបាត់ខ្លួន៕ ដោយ៖ ធីរីណា
រូបថត ៖ AP