ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ចុះពិនិត្យពន្លឿនការងារស្ដារប្រឡាយដើម្បីរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀងនៅរដូវវស្សា

ចែករំលែក៖

  ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានប្រើពេលជាង៣ម៉ោងដោយថ្មើរជើង ក្នុងការដឹកនាំមន្ត្រីជំនាញ រួមជាមួយអាជ្ញាធរខណ្ឌពីរ គឺខណ្ឌ មានជ័យ និងខណ្ឌទួលគោក 

ចុះពិនិត្យមើលប្រឡាយទឹកនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ ដើម្បីពន្លឿនការដ្ឋានស្ដារប្រឡាយបឹងទំពុនរំដោះការលិចលង់ភូមិឋានប្រជាពលរដ្ឋ ដោយជំនន់ទឹកភ្លៀងនារដូវវស្សានេះ។

   លោក ឃួង ស្រេង បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌចំនួន២ គឺខណ្ឌមានជ័យនិងខណ្ឌទួលគោក ដោយចាប់ផ្តើមចេញពីចំណុចស្ថានីយបូមទឹកបឹងទំពុន ខណ្ឌមានជ័យ ដើរតាមមាត់ប្រឡាយរហូតមកដល់ប្រឡាយបឹងសាឡាង ផ្លូវលេខ២៣០ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដោយបញ្ចប់នៅម៉ោងប្រមាណជាង១២ថ្ងៃត្រង់។

    ក្នុងការចុះពិនិត្យមើលប្រឡាយទឹកនេះដែរ លោក ឃួង ស្រេង បានជំរុញឱ្យក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ សហការគ្នាធ្វើយ៉ាងណាស្ដារប្រឡាយបឹងទំពុន ប្រឡាយស្ទឹងមានជ័យនិងប្រឡាយបឹងសាឡាងឱ្យបានលឿនដើម្បីបង្ការ ក៏ដូចជាអាចរំដោះទឹកបាននារដូវវស្សានេះ ពិសេសនៅប្រមាណ៣ទៅ៤ថ្ងៃខាងមុខនេះ បើតាមការព្យាកររបស់ក្រសួងធនធានទឹកនិងឧតុនិយម គឺនៅរាជធានីភ្នំពេញរបស់យើងនឹងអាចមានភ្លៀងធ្លាក់ខ្លាំងដែលយើងត្រូវតែត្រៀមលក្ខណៈដើម្បីទប់ទល់កុំឱ្យលិចលង់ខ្លាំងដោយជំនន់ទឹកភ្លៀងនេះ។

  ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ បញ្ហាលិចលង់ភូមិឋានប្រជាពលរដ្ឋនៅរាជធានីភ្នំពេញជាកង្វល់របស់អាជ្ញាធររាជធានីនិងមន្ទីរពាក់ព័ន្ធ ។ដូច្នេះ ទាំងអាជ្ញាធរនិងមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ត្រូវតែរួមគ្នារិះរកឱ្យអស់គ្រប់មធ្យោបាយធ្វើយ៉ាងណា នាំទឹកឱ្យទៅដល់ស្ថានីយបូមទឹក នោះការលិចលង់នឹងអាចដោះស្រាយបាន។ ចំពោះមុខនេះ យើងត្រូវស្តារ កាយប្រឡាយទឹកឱ្យហូរឱ្យបានលឿនមកស្ថានីយបឹងទំពុននិងមួយផ្នែកទៀតត្រូវស្តារនិងកាយប្រឡាយទឹកនេះឱ្យហូរទៅប្រឡាយបារាំងដើម្បីឱ្យទឹកហូរលឿនទៅដល់ស្ថានីយបូមទឹកលូប្រាំ ។

  គួរបញ្ជាក់ថា នៅពេលនេះក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ បាននិងកំពុងធ្វើសកម្មភាពយ៉ាងសកម្មក្នុងការកាយ ស្តារប្រឡាយបឹងទំពុន ក្នុងគោលបំណងធ្វើយ៉ាងណាឱ្យទឹកហូរបានលឿន ដែលអាចរំដោះទឹកបាននៅរដូវវស្សានេះ៕

ដោយ ៖ សំរិត


ចែករំលែក៖