ព័ត៌មានទាន់ហេតុការណ៍៖

យុវជនចំនួន ៨៨៤ រូប (ស្រី ៥៩៦) ទទួលបានការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ក្នុងឆមាសទី១ ឆ្នាំ២០២២

ចែករំលែក៖

ខេត្តព្រះវិហារ ៖ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទីទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០២២ របស់គណៈកម្មការគ្រប់គ្រងគម្រោង ហូកា ដោយផ្ទាល់នៅសណ្ឋាគារ លីហួត ខេត្តព្រះវិហារ ដោយមានការចូលរួមពីសំណាក់លោក Christain Volker Ide ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) លោក លោកស្រីសមាជិកគណៈកម្មការ គ.គ.ហ. តំណាងសមាគមឧស្សាហកម្មទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តភូមិភាគឦសាន្ត និងខេត្តជុំវិញបឹងទន្លេសាប សរុបចំនួន ៣០រូប។

លោករដ្ឋលេខាធិការ បានលើកឡើងថាកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តបន្តឆមាសទី ២ ឆ្នាំ២០២២ របស់គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នឹងបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធិផលការងារសំខាន់ៗរបស់លេខាធិការដ្ឋាន និងមន្ទីរទេសចរណ៍ខេត្តបានអនុវត្តកន្លងមក នៅតាមខេត្តគោលដៅគម្រោងរួមមានខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគីរី និងមណ្ឌលគីរី សៀមរាប បាត់ដំបង ពោធិ៍សាត់ និងកំពង់ឆ្នាំង ព្រមទាំងបញ្ហាប្រឈមនានាក្នុងការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ព្រមទាំងដាក់ទិសដៅការងារបន្តរបស់មន្ទីរទេសចរណ៍នៃខេត្តគោលដៅគម្រោង សម្រាប់អនុវត្តការងារនៅឆមាសទី ២ឆ្នាំ២០២២ ខាងមុខនេះ និងជាវេទិការដើម្បីផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ដល់សមាគមឧស្សាហកម្មទេសចរណ៍ និងវិស័យឯកជន ដើម្បីពិនិត្យលទ្ធភាពចាប់យកកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ទៅក្នុងផែនការរបស់ខ្លួន។ ឯកឧត្តមបានបញ្ជាក់ថាតាមរយៈយន្តការគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ដែលជាយន្តការស្នូលនៃកិច្ចសហប្រតិបត្តិការ និងការពង្រឹងយន្តការការងារទាំងថ្នាក់ជាតិ និងក្រោមជាតិក្នុងការអនុវត្តគម្រោងបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា យើងនឹងសម្រេចបានលទ្ធផលល្អប្រសើរបន្ថែមទៀត ដែលចូលរួមចំណែកដល់ វិស័យទេសចរណ៍កម្ពុជា និងការពង្រឹងជំនាញវិជ្ជាជិវៈទេសចរណ៍ ដូចដែរ ឯកឧត្តមបណ្ឌិត ថោង ខុង រដ្ឋមន្ត្រីក្រសួងទេសចរណ៍ តែងលើកឡើងថា “ជំនាញវិជ្ជាជីវៈទេសចរណ៍ ជាអាយុជីវិតរបស់អ្នក (Tourism Skills Is your Life)”  

លោក Christain Volder Ide ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញ បានអបអរសារទរចំពោះលទ្ធផលដែលគណៈកម្មការគ្រប់គ្រងគម្រោង ហូកា និងមន្ទីរទេសចរណ៍ខេត្តគោលដៅគម្រោងដែលបានសហការ និងខិតខំអនុវត្តផែនការសកម្មភាពបានយ៉ាងល្អប្រសើរដែលសម្រេចបានលទ្ធផលគួរឲ្យមោទនៈ។ លោកបានបញ្ជាក់ថាតាមរយៈកិច្ចសហការដ៏ល្អនេះ អង្គការស្វីស ខន់ថាក់ នឹងពង្រីកការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ទៅខេត្តបាត់ដំបង ប៉ៃលិន ពោធិ៍សាត់ បន្ទាយមានជ័យ និងឧត្តរមានជ័យ ដែលជាគោលដៅអាទិភាព និងមានសក្តានុពលវិស័យទេសចរណ៍។

លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានរាយការណ៍ពីលទ្ធផលនៃការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ប្រចាំឆមាសទី១ ឆ្នាំ២០២២ ដោយក្នុងនោះគណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានធ្វើការបណ្តុះបណ្តាលអ្នកជំនាញ និងគ្រូបង្គោលសរុបចំនួន ៨៨៤រូប (ស្រី ៥៩៦រូប) ក្រោមការគាំទ្ររបស់អង្គការ SwissContact អង្គការអន្តរជាតិខាងការងារ (ILO) និងអង្គការ UNIDO លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ការិយាល័យជួរមុខ គេហកិច្ច  ចុងភៅ ជំនាញឆុងការហ្វេ នៅខេត្តព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ខេត្តសៀមរាប បាត់ដំបង ពោធិ៍សាត់ និងកំពង់ឆ្នាំ។ ការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ផ្តោតលើចំណេះដឹង និងជំនាញ ដល់សិក្ខាកាមដែលជាអ្នកជំនាញកំពុងបម្រើការងារបច្ចុប្បន្ន យុវជនទីទាល់ក្រ និងអ្នកជំណាញដែលបានឈប់សម្រាកពីការងារដោយវិបត្តិជំងឺកូវីដ-១៩ ៕

ដោយ ៖ សហការី


ចែករំលែក៖