ភ្នំពេញ ៖ យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងលិខិតលេខ ១១២៧/២២ (គ.វ.ក-១៩) ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) ក្រសួងសូមក្រើនរំលឹកដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសឱ្យបានជ្រាបថាការចាក់វ៉ាក់សាំងកូវីដ-១៩ ជា ផ្នែកមួយនៃលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារនៅតាមរោងចក្រ សហគ្រាស។ សូម លោក/លោកស្រី ត្រូវ សហការជាមួយអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី ខេត្ត និង ណែនាំបងប្អូនកម្មករនិយោជិតឱ្យទៅចាក់វ៉ាក់សាំងដូសជំរុញ ព្រមទាំងត្រូវបំពេញព័ត៌មាននៃការចាក់វ៉ាក់សាំង ក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យរួមពាក់ព័ន្ធវិស័យការងារតាមរយៈគេហទំព័រ https://acms.mlvt.gov.kh។ ទន្ទឹមនឹងនេះ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវធ្វើបច្ចុប្បន្នភាពព័ត៌មានរោងចក្រ សហគ្រាស ចំនួនកម្មករនិយោជិត តាមរយៈគេហទំព័រខាងលើ និងរៀបចំបង្កើតក្រុមការងារសុវត្ថិភាពនិងសុខភាពការងារប្រចាំរោងចក្រ សហគ្រាស ឱ្យបានត្រឹមត្រូវ។ សម្រាប់ព័ត៌មានបន្ថែម ម្ចាស់ ឬនាយករោងចក្រ សហគ្រាស អាចសាកសួរព័ត៌មានក្នុងក្រុម “សម្រាប់និយោជក តាមរយៈតេឡេក្រាម http://t.me/ktoploseChat ។
អធិការការងារ នឹងចុះត្រួតពិនិត្យទិន្នន័យចាក់វ៉ាក់សាំងរបស់កម្មករនិយោជិត បច្ចុប្បន្នភាពព័ត៌មាន រោងចក្រ សហគ្រាស និងចំនួនកម្មករនិយោជិត ព្រមទាំងការបង្កើតក្រុមការងារសុវត្ថិភាព និងសុខភាពការងារ ប្រចាំរោងចក្រ សហគ្រាស។ ក្នុងករណីម្ចាស់ ឬនាយករោងចក្រ សហគ្រាសមិនបានអនុវត្តតាមខ្លឹមសារន សេចក្តីជូនដំណឹងនេះ ត្រូវចាត់ទុកថាល្មើសនឹងមាត្រា ៣៨២ នៃច្បាប់ស្តីពីការងារ ដែលត្រូវទទួលរងការពិន័យ និងចាត់វិធានការតាមផ្លូវច្បាប់ពីអធិការការងារ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ទាំងអស់អនុវត្តបានត្រឹមត្រូវតាមសេចក្ដីជូនដំណឹងនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕
ដោយ ៖ សុខ ខេមរា