ភ្នំពេញ ៖ បើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Reuters កាលពីម្សិលមិញនេះបានឱ្យដឹងថាក្រុមហ៊ុន Apple បានយល់ព្រមបង់ប្រាក់ចំនួន ៥០លានដុល្លារដើម្បីដោះស្រាយបណ្តឹង ដែលរងការចោទប្រកាន់ពីអតិថិជនថា ក្រុមហ៊ុនបានដឹង និងលាក់បាំងអំពីបញ្ហាជាមួយនឹងក្តារចុចប្រភេទ “butterfly” នៅលើកុំព្យូទ័រយួរដៃ MacBook ដែលងាយនឹងខូច។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹង ពីអង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី 20 ខែកក្កដា ឆ្នាំ 2022 ។
ការឯកភាពបឋមដែលបានស្នើឡើងត្រូវបានដាក់នៅយប់ថ្ងៃចន្ទនៅតុលាការសហព័ន្ធក្នុងទីក្រុង San Jose រដ្ឋ California ហើយទាមទារការយល់ព្រមពីចៅក្រម។ អតិថិជនបានអះអាងថា ក្តារចុច MacBook, MacBook Air និង MacBook Pro ជាច្រើនទទួលរងពីគ្រាប់ចុចស្អិត និងមិនឆ្លើយតបដោយខ្លួនឯង។ ម្យ៉ាងវិញទៀតប្រសិនបើមានធូលីតិចតួច ឬកំទេចកំទីតូចៗក៏អាចធ្វើឱ្យអ្នកប្រើប្រាស់ពិបាកក្នុងការវាយអក្សរផងដែរ។
អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានបន្តថា សំណងនេះនឹងផ្ដល់ឱ្យអតិថិជនដែលបានទិញ MacBook, MacBook Air និងម៉ូដែល MacBook Pro ភាគច្រើននៅចន្លោះឆ្នាំ ២០១៥ និង ២០១៩ នៅក្នុងរដ្ឋចំនួនប្រាំពីររបស់សហរដ្ឋអាមេរិក៖ កាលីហ្វ័រញ៉ា ផ្លរីដា អ៊ីលីណយ មីឈីហ្គែន ញូវជឺស៊ី ញូវយ៉ក និងវ៉ាស៊ីនតោន។ Apple បានបដិសេធចំពោះការធ្វើខុស ជាថ្នូរនឹងការយល់ព្រមក្នុងការដោះស្រាយ។
មេធាវីសម្រាប់អតិថិជនរំពឹងថា ទឹកប្រាក់ចំនួន ៣៩៥ដុល្លារនឹងផ្ដល់ឱ្យអតិថិជនដែលបានប្ដូរក្ដារចុចច្រើនដង ១២៥ដុល្លារសម្រាប់អ្នកដែលបានប្ដូរក្តារចុចម្ដង និង ៥០ដុល្លារសម្រាប់អ្នកដែលបានផ្លាស់ប្ដូរគ្រាប់ចុចណាមួយ៕
ដោយ ៖ សិលា