ព័ត៌មានទាន់ហេតុការណ៍៖

កម្មករម្នាក់ដេកស្លាប់ក្នុងការដ្ឋានសំណង់ខាងក្រោយកាស៊ីណូវីន នីស ក្រុងបាវិត

ចែករំលែក៖

   ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នករួមការងារជាមួយគ្នា ហើយក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានមកពិនិត្យមើលសពបុរសម្នាក់ដែលដេកស្លាប់នៅក្នុងការដ្ឋានសំណង់ខាងក្រោយកាស៊ីណូវីននីស សង្ស័យថាខ្យល់គរ។

    ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នៅចំណុចការដ្ឋានសំណង់ខាងក្រោយកាស៊ីណូវីននីស ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

   យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា បុរសដែលស្លាប់មានឈ្មោះគង់ សុខ  អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិតាម ឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ 

    ប្រភពបន្តថា នៅវេលាម៉ោង៣និង២០នាទីរសៀលសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិតបានទទួលព័ត៌មានពីប្រជាពលរដ្ឋដែលរាយការណ៍មកថា មានមនុស្សស្លាប់នៅចំណុចការដ្ឋានសំណង់ខាងក្រោយកាស៊ីណូវីននីស ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

    ក្រោយពីបានទទួលព័ត៏មានខាងលើនេះភ្លាម សមត្ថកិច្ចជំនាញពិនិត្យវិភាគកន្លែងកើតហេតុនៃអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយលោកវេជ្ជបណ្ឌិត អំ សំអាត គ្រូពេទ្យព្យាបាលនៃមន្ទីរពេទ្យបង្អែកជីភូ ដោយមានការដឹកនាំពីលោកវរសេនីយ៍ត្រី សុន សាម៉ុន អធិការរងទទួលបន្ទុកបច្ចេកទេសបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យលើខ្លួនសាកសព ហើយបានកសន្និដ្ឋានដោយផ្អែកតាមការពិនិត្យកន្លែងកើតហេតុថា ជនរងគ្រោះពិតជាស្លាប់ដោយសម្ពាធឈាមឡើងខ្ពស់(ខ្យល់គរ)ប្រាកដមែន មិនមានស្លាកស្នាមអ្វីសម្គាល់ថាជារឿងឃាតកម្មនោះទេ។

   ក្រោយពីពិនិត្យនិងធ្វើការសន្និដ្ឋានចប់សព្វគ្រប់ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រូសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

ដោយ៖យឹម សុថាន


ចែករំលែក៖