ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផល នៃកិច្ចប្រជុំមន្ដ្រីជាន់ខ្ពស់អាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី២២ និងកិច្ចប្រជុំពាក់ព័ន្ធ

ចែករំលែក៖

ភ្នំពេញ ៖ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ   នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ SOMTC-កម្ពុជា បានអញ្ជើញដឹកនាំ និងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ មន្ត្រីជាន់ខ្ពស់អាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី២២ និងកិច្ចប្រជុំពាក់ព័ន្ធ (22nd SOMTC and Its Related Meetings) សរុបចំនួន ១១កិច្ចប្រជុំ ចាប់ពីថ្ងៃទី ១៩-២១ ខែកក្កដា ឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូ។ នេះបើយោងតាមនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់អោយដឹង នៅព្រលប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ។ 

សូមបញ្ជាក់ថា, តាមរយៈកិច្ចពិភាក្សា និងការផ្លាស់ប្តូរយោបល់ ព្រមទាំងការចែករំលែកបច្ចុប្បន្នភាពអំពីនិន្នាការ នៃឧក្រិដ្ឋកម្មឆ្លងដែនក្នុងតំបន់ មន្ត្រីជាន់ខ្ពស់នៃរដ្ឋសមាជិកអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់ស្ថាប័នអនុវត្តច្បាប់ នៃបណ្តារដ្ឋសមាជិកអាស៊ាន ក្នុងកិច្ចសហប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ទោះបីស្ថិតក្នុងស្ថានភាពប្រឈមដ៏ស្មុគស្មាញនៃវិបត្តិជំងឺកូវីដ-១៩។

សូមជម្រាបជូនដែរ ក្រៅពីកិច្ចប្រជុំពេញអង្គ និងកិច្ចប្រជុំបូកបី ខាងលើនេះ ក្រុមការងារ SOMTC-កម្ពុជា ក៏បានធ្វើ ជាម្ចាស់ផ្ទះរៀបចំ និងចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ រវាងមន្ត្រីជាន់ខ្ពស់អាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន បូកជាមួយប្រទេសដៃគូសន្ទនាដទៃទៀត (SOMTC + Dialogue Partner Consultation) រួមមាន៖ កាណាដា ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា សហភាពអឺរ៉ុប សហរដ្ឋអាមេរិក នូវែលសេឡង់ និង អូស្ត្រាលី ៕

ដោយ ៖ សិលា


ចែករំលែក៖