ព័ត៌មានទាន់ហេតុការណ៍៖

កម្មវិធីប្រកួតប្រជែងនិយាយសាធារណៈលើកកម្ពស់ការយល់ដឹងផលប៉ះពាល់នៃថ្នាំជក់

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកម្មវិធីប្រកួតនិយាយសាធារណៈ ក្រោមប្រធានបទ៖ “ហេតុអ្វីបានជាគ្រឹះស្ថានសិក្សាមិនត្រូវចាប់ដៃគូជាមួយក្រុមហ៊ុនថ្នាំជក់?” ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយពីផលប៉ះពាល់នៃការចាប់ដៃគូរវាងគ្រឹះស្ថានសិក្សាជាមួយក្រុមហ៊ុនថ្នាំជក់ ផ្សព្វផ្សាយសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីការហាមឃាត់ការប្រើប្រាស់ ការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ កិច្ចសហការជាមួយសហករថ្នាំជក់ និងដើម្បីផ្តល់ឱកាសដល់យុវជន បានបញ្ចេញនូវសមត្ថភាពក្នុងការនិយាយជាសាធារណៈ។ 

កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ។ ក្នុងឱកាសនោះ លោកស្រីរដ្ឋលេខាធិការ បានថ្លែងអំណរគុណ ចំពោះគណៈកម្មការទាំងអស់ដែលបានរៀបចំកម្មវិធីប្រកួតនេះឡើង ជាពិសេសប្រធាននាយកប្រតិបត្តិនៃអង្គការចលនាសុខភាពដើម្បីកម្ពុជា ដែលជានិច្ចជាកាលតែងតែសហការគាំទ្រជាមួយនាយកដ្ឋានជំនាញនៃក្រសួងអប់រំ យុវជន និងកីឡា ក្នុងការទប់ស្កាត់នូវការប្រើប្រាស់ថ្នាំជក់ និងការលើកកម្ពស់សុខភាពសិក្សាបុគ្គលិកអប់រំ។

លោកស្រីរដ្ឋលេខាធិការ បានកោតសរសើរ ចំពោះការប្រឹងប្រែងចូលរួមប្រកួតប្រជែងពីសំណាក់ប្អូនៗសិស្សានុសិស្ស ដែលប្រកបដោយបំណិន ទេពកោសល្យ ទំនុកចិត្ត ក្នុងការនិយាយជាសាធារណៈ។ លោកស្រីបានគូសបញ្ជាក់ថា គោលដៅសំខាន់នៃការប្រកួតនេះ មិនមែនត្រឹមតែស្វែងរកអ្នកមានទេពកោសល្យក្នុងការនិយាយជាសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់ គឺស្វែងរកអ្នកនាំសារផ្សព្វផ្សាយឱ្យយុវជន និងប្រជាពលរដ្ឋ បានយល់ដឹងពីផលប៉ះពាល់ដោយសារថ្នាំជក់ ចូលរួមទប់ស្កាត់ការប្រើប្រាស់ និងចរាចរណ៍ថ្នាំជក់នៅតាមគ្រឹះស្ថានសិក្សា។

សូមជម្រាបថា កម្មវិធីប្រកួតប្រជែងនិយាយសាធារណៈនេះ បានប្រព្រឹត្តទៅចំនួនបីដំណាក់កាល គឺការសរសេរអត្ថបទ ការនិយាយជាសាធារណៈវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត និងវគ្គផ្តាច់ព្រ័ត ដែលបេក្ខជន៣រូបត្រូវបានជ្រើសរើសជាជ័យលាភីចុងក្រោយ។ ការប្រកួតប្រជែងនេះ មានបេក្ខភាពចម្រុះចូលរួមពីសំណាក់សិស្សកម្រិតមធ្យមសិក្សា និងឧត្តមសិក្សា មកពីរាជធានីខេត្តនានា ត្រូវបានផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕ 

ដោយ ៖ សិលា


ចែករំលែក៖