ព័ត៌មានទាន់ហេតុការណ៍៖

លោក​ នេត្រ​ ភក្ត្រា​ ៖ ដើមកោងកាង គឺជាតំបន់ទ្រនាប់រវាងដីគោក និងសមុទ្រ ទប់នឹងបញ្ហាធ្ងន់ធ្ងរនៃការហូរច្រោះតាមឆ្នេរសមុទ្រ និងការគំរាមកំហែងនៃការកើនឡើងនៃកម្ពស់ទឹកសមុទ្រ

ចែករំលែក៖

 ខេត្តកែប៖ ដើម្បីចូលរួមអបអរសាទរទិវាអន្តរជាតិសម្រាប់ការអភិរក្សប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាងនៅថ្ងៃទី ២៦ កក្កដា ឆ្នាំ២០២២ ក្រសួងបរិស្ថាន រដ្ឋបាលខេត្តកែប និងក្រុមហ៊ុន វ័ន ហ្រ្វេតធើនីធី (វីតាល់) បានសហការគ្នារៀបចំព្រឹត្តិការណ៍ដាំដើមកោងកាងចំនួន ៣០០០ ដើមនៅសហគមន៍នេសាទភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ក្នុងគោលបំណងលើកកម្ពស់និរន្តរភាព និងការយល់ដឹងអំពីបរិស្ថាន និងចូលរួមស្តារព្រៃកោងកាងឡើងវិញនៅតាមតំបន់ឆ្នេរសមុទ្រកម្ពុជា។ ព្រឹត្តិការណ៍ នេះត្រូវបានរំពឹងថានឹងជាសារដ៏សំខាន់បណ្តុះស្មារតីពលរដ្ឋឱ្យ ស្រឡាញ់បរិស្ថាន និងចូលរួមអភិរក្សធនធានធម្មជាតិកាន់តែខ្លាំងថែមទៀត។​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ក្រសួង​បរិស្ថាន​។ 

 អញ្ជើញចូលរួមនៅក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ មានវត្តមាន លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន, លោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប, លោកស្រី​ ជឹង សុគន្ធាវី អគ្គនាយិកា ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត មន្ត្រីរាជការ ថ្នាក់ដឹកនាំ បុគ្គលិកវីតាល់ និងបងប្អូនប្រជាសហគមន៍នេសាទភូមិថ្មី ជាច្រើនរយនាក់។ ព្រឹត្តិការណ៍ដាំដើមកោងកាងនេះ គឺជាផ្នែកមួយនៃសកម្មភាពសង្គមរបស់វីតាល់ និងជាទ្រង់ទ្រាយធំឆ្នាំទី៣ ដោយបានសហការរៀបចំជាមួយ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកែប ក្រោមឆត្រនៃមូលនិធិ២៥៛ ដែលមាននាទីក្នុងការតបស្នងដល់សង្គម និងផ្នែកមួយនៃមូលនិធិ គឺការចូលរួមអភិវវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែមានភាពបៃតង សម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត ស្របជាមួយប្រធានបទ “ដើមកោងកាងស្ទួយប្រភពស្រស់ថ្លានៃធម្មជាតិ”។

លោកស្រី​ ជឹង សុគន្ធាវី អគ្គនាយិកា ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានមានប្រសាសន៍ថា៖ «វីតាល់ ដែលមានមូលនិធិ២៥៛ មានមោទនភាពដែលទទួលការបន្តគាំទ្រពីក្រសួងបរិស្ថាន សម្រាប់គម្រោងដាំដើមកោងកាង ក្នុងឆ្នាំទី៣ ជាចំណែកនៃការចូលរួមការពារ និងស្តារប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់នៃតំបន់ឆ្នេរកម្ពុជា។ ប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាងបានរងការគំរាមកំហែងដោយសារសកម្មភាពរបស់មនុស្ស ហើយបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់មនុស្សជាតិ និងជីវៈចម្រុះ។ ការការពារ និងស្ដារប្រព័ន្ធអេកូឡូស៊ីទាំងនេះឡើងវិញមានសារៈសំខាន់ណាស់ ហើយយើងទាំងអស់ អាចចាប់ផ្តើមពីថ្ងៃនេះ តាមរយៈសកម្មភាពនៃការដាំកោងកាងឡើងវិញចូលរួមការពារ និងផ្សព្វផ្សាយ ដើម្បីឱ្យអនាគតកម្ពុជាកាន់តែប្រសើរ និងជាប្រភពស្រស់ថ្លានៃធម្មជាតិ»។

ថ្លែងក្នុងពិធីនោះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោករដ្ឋមន្រ្តី ក្រសួងបរិស្ថានបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនវ័ន ហ្វ្រេតធើនីធី (វីតាល់) ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការការពារអភិរក្សដើមកោងកាងនៅកម្ពុជាដោយលើកឡើងថាការដាំកូនកោងកាងក្នុងទិវាអន្តរជាតិសម្រាប់ការអភិរក្សប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាង ២៦ កក្កដា មិនត្រឹមតែចូលរួមបង្កើតភាពបៃតងនៅតាមតំបន់ខេត្តមាត់សមុទ្រ ប៉ុន្តែបានចូលរួមបង្កើតជម្រកសម្រាប់ជីវៈចម្រុះ និងពង្រឹងប្រព័ន្ធអេកូឡូស៊ីនៅតំបន់សមុទ្រ ហើយនឹងផ្តល់ការលើកទឹកចិត្តដល់សាធារណៈជនឱ្យស្រឡាញ់បរិស្ថានកាន់តែខ្លាំងនិងចូលរួមការពារបរិស្ថាននិងធនធានធម្មជាតិ។

លោករដ្ឋលេខាធិការបានគូសបញ្ជាក់ថា៖ «ដើមកោងកាង គឺជាតំបន់ទ្រនាប់រវាងដីគោក និងសមុទ្រ ទប់នឹងបញ្ហាធ្ងន់ធ្ងរនៃការហូរច្រោះតាមឆ្នេរសមុទ្រ និងការគំរាមកំហែងនៃការកើនឡើងនៃកម្ពស់ទឹកសមុទ្រ។ ព្រៃកោងកាងជារបៀងយុទ្ធសាស្រ្តតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីពីតំបន់ដីគោក ឆ្នេរ និងសមុទ្រ ហើយក៏ជារនាំងប្រឆាំងនឹងគ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុ មិនតែប៉ុណ្ណោះបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ដោយមានតួនាទីយ៉ាងសំខាន់ជាកន្លែងរក្សាផលស្តុក ជាដែនជម្រក និងប្រភពមេពូជនៃមច្ឆធម្មជាតិដែលជាប្រភពធនធានសមុទ្រដ៏សម្បូរបែប ហើយចាំបាច់យើងត្រូវការរពារ អភិរក្ស និងដាំស្តារព្រៃកោងកាងឡើងវិញ។ កោងកាងផ្តល់នូវការបន្ស៊ាំធម្មជាតិទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងចូលរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់»។

លោក សោម ពិសិដ្ឋ អភិបាល នៃគណៈភិបាលខេត្តកែប «បានកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើម របស់វីតាល់ និងអរគុណចំពោះការជ្រើសរើសខេត្តកែប សម្រាប់អនុវត្តគម្រោងនេះ ។ ជាមួយគ្នានេះឯកឧត្តម ក៏បានលើកទឹកចិត្តគ្រប់មន្ទីរទាំងអស់ ក៏ដូចជាសាធារណជនទូទៅក្នុងខេត្ត បន្តចូលរួមដាំកោងកាងឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីធានាការពារគុណភាព បរិស្ថាន ឱ្យបានល្អ និងលើកកម្ពស់សោភ័ណភាពទីក្រុងបៃតង ។  លោក​ បានបញ្ជាក់បន្ថែមថា អាជ្ញាធរខេត្ត បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ  សំដៅទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ការកើនឡើងកម្ដៅ ការរាំងស្ងួត ទឹកជំនន់ និងគ្រោះធម្មជាតិផ្សេងៗទៀត ពិសេសធ្វើឱ្យការប្រើប្រាស់ធនធានធម្មជាតិបានយូរអង្វែង»។

 គូសបញ្ជាក់ផងដែល វីតាល់ បានចាប់ផ្តើមអនុវត្តគម្រោងដាំដើមកោងការតាំងឆ្នាំ២០២០ ដោយបានដាំចំនួន២,០០០ដើមរួចមកហើយនៅសហគមន៍ត្រពាំងសង្កែ និងសហគមន៍ នេសាទ ព្រែកត្នោត ខេត្ត កំពត។ ដោយសារការទឹកចិត្តដ៏មោះមុតរបស់ខ្លួនខាងផ្នែកសកម្មភាពសង្គម កាលពីឆ្នាំ២០២១ វីតាល់ ទទួលបានពានរង្វាន់មាស ផ្នែកការងារសង្គម “Global CSR Award” ពីសិង្ហបុរី ៕

ដោយ​៖សហការី​


ចែករំលែក៖