ព័ត៌មានទាន់ហេតុការណ៍៖

ចិនប្រកាសថា «អាមេរិកនឹងទទួលលទ្ធផលអាក្រក់»បើប្រធានរដ្ឋសភាបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់

ចែករំលែក៖

ប្រធានាធិបតីបៃឌិន បានលើកឡើងថា ដំណើរទស្សនកិច្ចនៅកោះតៃវ៉ាន់របស់ប្រធានរដ្ឋសភាលោកស្រី Pelosi គឺមិនមែនជាទស្សនកិច្ចល្អក្នុងពេលបច្ចុប្បន្ននេះទេ។
សារព័ត៌មាន The Guardian របស់អង់គ្លេសបានដកស្រង់ប្រភពព័ត៌មានដែលបានឱ្យដឹងថា ប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi នឹងដឹកនាំគណៈប្រតិភូទៅ បំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់នាខែសីហាខាងមុខ។ ដំណើរទស្សនកិច្ចនេះត្រូវបានឡើងគម្រោងតាំងពីខែមេសា តែត្រូវបានពន្យារពេល ដោយសារតែលោកស្រី ធ្វើតេស្តវិជ្ជមានកូវីដ-១៩ ។
ប្រធានាធិបតីអាមេរិកលោកបៃឌិនក៏បានលើកឡើងផងដែរថា «ខ្ញុំគិតថា កម្លាំងទាហានអាមេរិក យល់ឃើញថានេះមិនមែនជាពេលវេលាល្អសម្រាប់បំពេញទស្សនកិច្ចថ្នាក់ខ្ពស់នោះឡើយ។ ការលើកឡើងរបស់ប្រធានាធិបតីអាមេរិក លោកបៃឌិន គឺក្នុងពេលដែលលោកនឹងជួបពិភាក្សាជាមួយសមភាគីចិនលោកប្រធានាធិបតីស៊ី ជិនពីងនៅចុងខែកក្កដានេះ។ ប្រសិនបើជួបពិភាក្សាតាមការគ្រោងទុកនោះ គឺនេះជាជំនួបលើកដំបូងក្នុងរយៈពេល៤ខែកន្លងមក។ ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ប្រមុខដឹកនាំប្រទេសមហាអំណាចទាំងពីរនឹងពិភាក្សាគ្នាផ្តោតសំខាន់ទៅលើបញ្ហាកោះតៃវ៉ាន់ រហូតដល់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។
ពាក់ព័ន្ធនឹងគម្រោងទស្សនកិច្ចនៅកោះតៃវ៉ាន់របស់ប្រធានរដ្ឋសភា Nancy Pelosiនេះ អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី២៥ខែកក្កដា ចិនបានប្រឆាំងយ៉ាងដាច់ខាតដល់ដំណើរទស្សនកិច្ចរបស់លោកស្រីNancy Pelosi ព្រោះនឹងធ្វើឱ្យទំនាក់ទំនងអាមេរិក-ចិនកាន់តែអាក្រក់ថែមទៀត៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ SCMP

រូប​ថត​ ៖ Getty


ចែករំលែក៖