ព័ត៌មានទាន់ហេតុការណ៍៖

ការចាត់វិធានការបណ្តោះអាសន្នលើការនាំចូលផលិតផលមីកញ្ចប់ និងការ៉េម សង្ស័យថាមានផ្ទុកសារធាតុ អេទីឡែនអុកស៊ីត (Ethylene Oxide) ដែលអាចបង្កហានិភ័យផ្នែកសុខភាពដល់អ្នកប្រើប្រាស់

ចែករំលែក៖

ភ្នំពេញ ៖ ប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុក អគ្គនាយក អគ្គ្គនាយកដ្ឋាន គយ និងរដ្ឋាករ កម្ពុជា បានបញ្ជាក់ថា, តបតាមកម្មវត្ថុនិងយោងខាងលើ ខ្ញុំសូមជម្រាបលោក លោកស្រី ជ្រាបថា ថ្មីៗនេះ អាជ្ញាធរសុវត្ថិភាពម្ហូបអាហារ របស់ប្រទេសនៅសហគមន៍អឺរ៉ុបមួយចំនួនបានរកឃើញលើផលិតផលមីកញ្ចប់ និងការ៉េមមួយចំនួន មានផ្ទុកសំណល់ សារធាតុអេឡែនអុកស៊ីត (Ethylene Oxide) ដែលសហភាពអឺរ៉ុប អាមេរិច និងអង្គការសុខភាពពិភពលោកចាត់ទុក ថាជាសារធាតុបង្កហានិភ័យជាជំងឺមហារីកចំពោះអ្នកប្រើប្រាស់។ ក្នុងន័យនេះ ដើម្បីចូលរួមការពារសុខភាពសាធារណះ សុវត្ថិភាពម្ហូបអាហារ និងការពារសុខុមាលភាពអ្នកប្រើប្រាស់ ខ្ញុំសូមធ្វើការណែនាំបណ្ដោះអាសន្នមួយចំនួនដូចខាងក្រោម+

 ១. ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ តទៅ រាល់ការនាំចូលទំនិញជាមីកញ្ចប់ម៉ាក “Lucky. Me!”, ផលិតនៅប្រទេសថៃ, មីកញ្ចប់ម៉ាក “Háo Hão” ផលិតនៅប្រទេសវៀតណាម និងការ៉េមម៉ាក “Häagen-Dazs” (Vanilla) ផលិតនៅប្រទេសបារាំង ដូចមានបរិយាយលម្អិតក្នុងបញ្ជីភ្ជាប់មកជាមួយលិខិតនេះ ត្រូវមានអម មកជាមួយនូវវិញ្ញាបនបត្របញ្ជាក់ការវិភាគសារធាតុ Ethylene Oxide ពីស្ថាប័នមានសមត្ថកិច្ចត្រួតពិនិត្យ សុវត្ថិភាពម្ហូបអាហារនៃប្រទេសនាំចេញ។ ដោយឡែក ចំពោះទំនិញដែលមកដល់ដែនគយមុនថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ អ្នកនាំចូលត្រូវដកសំណាកទំនិញធ្វើការវិភាគសារធាតុ Ethylene Oxide នៅ អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបនៃក្រសួងពាណិជ្ជកម្ម មុនពេលអនុញ្ញាតឱ្យបញ្ចេញទំនិញពីគយ។

 ២. នាយកដ្ឋានសវនកម្មគយត្រូវធ្វើការតាមដាននិងវាយតម្លៃហានិភ័យលើផលិតផលទាំងនេះជាប្រចាំដើម្បីលើក វិធានការអនុវត្តឱ្យបានទាន់ពេលនិងមានប្រសិទ្ធភាព។

៣, មន្ដ្រីតយនិងរដ្ឋាករមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ផ្ទៀងផ្ទាត់ព័ត៌មាននិងទិន្នន័យដែលប្រកាសក្នុងឯកសារ ជាមួយនឹងទំនិញជាក់ស្ដែងដើម្បីជៀសវាងការបន្លំនាំចូលដោយគេចវេសពីវិធានការខាងលើជាយថាហេតុ។ 

៤. ត្រូវធ្វើការផ្សព្វផ្សាយដល់ធុរជនពាក់ព័ន្ធឱ្យបានទូលំទូលាយនៅតាមភូមិសាស្ត្រនៃអង្គភាពរៀងៗខ្លួនអំពី វិធានការនេះ។

អាស្រ័យដូចបានជម្រាបខាងលើ សូមលោក លោកស្រីជ្រាប និងចាត់ចែងអនុវត្តតាមខ្លឹមសារលិខិតនេះឱ្យ មានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃចេញលិខិតនេះ រហូតដល់មានការណែនាំជាថ្មី។ 

សូមលោក លោកស្រី ទទួលនូវការស្រលាញ់រាប់អានពីខ្ញុំ៕

ដោយ ៖ សិលា


ចែករំលែក៖