ភ្នំពេញ ៖ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ចេញញត្តិគាំទ្រ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញញត្តិគាំទ្រយ៉ាងពេញទំហឹង ចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ របស់ព្រះរាជាណាចក្រកម្ពុជា។
ការធ្វើវិសោធនកម្មលើកទី១០នេះ ជាការបំពេញភាពចន្លោះប្រហោងនៃច្បាប់ ដោយពុំបានប៉ះពាល់ដល់គោលការណ៍គ្រឹះនៃរដ្ឋធម្មនុញ្ញ ដូចជា របបប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ហើយក៏ពុំបានធ្វើឡើងនៅក្នុងប្រទេសកំពុងស្ថិតនៅក្នុងភាពអាសន្នឡើយ។
ញ្ញត្តិគាំទ្រ បានបញ្ជាក់ថា, យើងទាំងអស់គ្នា ជាថ្នាក់ដឹកនាំ មេបញ្ជាការ មេបញ្ជាការរងគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ សូមប្រកាសគាំទ្រជាឱឡារិក និងពេញទំហឹងចំពោះសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ដែលជាសំណើ ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា លើកទី១០ ដែលត្រូវបានរដ្ឋសភាអនុម័ត កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ។
យើងខ្ញុំទាំងអស់គ្នា យល់ឃើញថាសំណើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នេះក៏មិនខុស ពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន ៩ លើកកន្លងមកផងដែរ គឺត្រូវបានធ្វើឡើងដោយឈរលើ គោលការណ៍គ្រឹះទាំងឡាយដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ ជាអាទិ៍ របបប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងក្នុងគោលបំណង ដើម្បីបំពេញចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញ និងដើម្បីធានាការពារឧត្តមប្រយោជន៍របស់ជាតិ ជាពិសេស ការធ្វើឱ្យស្ថាប័នសំខាន់ៗរបស់រដ្ឋ មានកិច្ចដំណើរការប្រព្រឹត្តទៅរលូន មិនជាប់គាំង និងធានាបាន នូវនិរន្តរភាពនៅគ្រប់កាលៈទេសៈ ៕
ដោយ ៖ សិលា