ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងថ្លែងអំណរគុណដល់អ្នកសង្កេតការណ៍ជាតិ របស់ ស.ស.យ.ក. ខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ រសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២នេះលោកស សុខា ក្នុងនាមអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅបន្ត របស់ ស.ស.យ.ក. ខេត្តបាត់ដំបង និងថ្លែងអំណរគុណដល់អ្នកសង្កេតការណ៍ជាតិក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ។

ក្នុងនាមលោក ហ៊ុន ម៉ានី , លោក ស សុខា បានថ្លែងថា, សូមធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តបាត់ដំបង ទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រកបដោយការទទួលខុសត្រូវ និងចូលរួមចំណែកយ៉ាងសកម្មក្នុងការដឹកនាំ អនុវត្តការងារមានភាពល្អប្រសើរ និងទទួលបានការចាប់អារម្មណ៍ គាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងមហាជនទូទៅ ក៏ដូចជាឪពុកម្តាយ អាណាព្យាបាល សិស្សានុសិស្សតាមបណ្ដាវិទ្យាល័យនានាទូទាំងខេត្ត ។

ក្នុងនោះដែរ ក៏សូមថ្លែងអំណរគុណដល់សមាជិក សមាជិកា ស.ស.យ.ក. ខេត្តបាត់ដំបង ក៏ដូចជា ស.ស.យ.ក. ទូទាំងប្រទេស ដែលបានលះបង់ពេលវេលា ប្រាជ្ញាស្មារតី និងធនធាន ចូលរួមជាអ្នកសង្កេតការណ៍ជាតិក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រកបដោយការទទួលខុសត្រូវ និងជោគជ័យ៕

ដោយ ៖ សិលា


ចែករំលែក៖