រដ្ឋាភិបាលបណ្តាប្រទេសអឺរ៉ុប បានសម្រេចបន្ថយការរឹតត្បិតក្នុងវិស័យពាណិជ្ជកម្មប្រេងជាមួយរុស្ស៊ី ក្នុងនោះផ្អាកគម្រោងដកទីក្រុងមូស្គូចេញពីទីផ្សារធានារ៉ាប់រង Lloyd’s និងអនុញ្ញាតឱ្យនាវាដឹកទំនិញអន្តរជាតិបន្តសកម្មភាពក្នុងពេលមានក្តីបារម្ភស្តីពីតម្លៃប្រេងឆៅកើនឡើងខ្ពស់ ។
សហគមន៍អឺរ៉ុបបានប្រកាសច្បាប់ហាមប្រាមនៅលើពិភពលោក មិនឱ្យផ្តល់ការធានារ៉ាប់រងដល់បណ្តានាវាដឹកទំនិញរបស់រុស្ស៊ី កាលពីពីរខែមុន ដោយសង្ឃឹមថារដ្ឋាភិបាលអង់គ្លេសនឹងចូលរួមសកម្មភាពនោះ ។ ប៉ុន្តែរដ្ឋាភិបាលអង់គ្លេសមិនបានចូលរួមនោះឡើយដើម្បីធ្វើឱ្យការដាក់ទណ្ឌកម្មមានប្រសិទ្ធភាពកាន់តែខ្ពស់។ ទីក្រុងឡុងដុងប្រទេសអង់គ្លេស គឺជាមជ្ឈមណ្ឌលប្រមូលផ្តុំវិស័យធានារ៉ាប់រងដែនសមុទ្រ ។
ក្នុងពេលជាមួយគ្នានេះដែរ កាលពីចុងខែកក្កដាកន្លងមក ទីក្រុង Brusselsបានកែទម្រង់វិធានការមួយចំនួនក្នុងការធ្វើអាជីវកម្មជាមួយក្រុមហ៊ុនរុស្ស៊ី ដោយមូលហេតុសន្តិសុខថាមពលលើពិភពលោក។
ប៉ុន្តែមន្ត្រីអាមេរិកបង្ហាញក្តីបារម្ភពីការហាមប្រាមផ្តល់ធានារ៉ាប់រងជាសកលនឹងធ្វើឲ្យតម្លៃប្រេង ទំនិញឡើងថ្លៃ ដោយសារតែប្រេងរាប់លានបារ៉ែលនិងទំនិញជាច្រើនរបស់រុស្ស៊ីត្រូវបានលុចចេញពីទីផ្សារអន្តរជាតិ។
សកម្មភាពខាងលើរបស់អឺរ៉ុប កើតឡើងក្នុងពេលដែលប្រទេសក្នុងតំបន់ត្រូវសន្សំសំចៃថាមពលសម្រាប់រដូវរងាខាងមុខ ដោយខ្លាចរុស្ស៊ីកាត់ផ្តាច់ទាំងស្រុងនូវការផ្គត់ផ្គង់ថាមពលដល់អឺរ៉ុបជាការសងសឹក៕ ដោយ៖ ធីរីណា
រូបថត ៖ TTXVN-VNA