ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកប្រកាសអាសន្នសុខាភិបាលស្តីពីជំងឺអុតស្វា

ចែករំលែក៖

នៅថ្ងៃទី៥ខែសីហា សហរដ្ឋអាមេរិកបានសម្រេចប្រកាសអាសន្នស្តីពីសុខភាពសាធារណៈក្នុងពេលប្រទេសនេះរកឃើញករណីកើតជំងឺអុតស្វាដល់ទៅជាង៧.១០០នាក់។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាមេរិក លោក Xavier Becerra បានលើកឡើងនៅក្នុងកិច្ចប្រជុំ ជាមួយបណ្តាមន្ត្រីសុខាភិបាលស្តីពីយុទ្ធសាស្ត្រទប់ស្កាត់ការឆ្លងរាលដាលជំងឺអុតស្វា ។ លោកបន្តទៀតថា យើងបានត្រៀមលក្ខណៈសម្រាប់ទប់ស្កាត់ការឆ្លងវីរុសនេះ ហើយលោកក៏បានអំពាវនាវដល់ពលរដ្ឋអាមេរិកមានវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺនេះ។
សារព័ត៌មាន AP នៅថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២ បានផ្សាយថា សហរដ្ឋអាមេរិកនៅថ្ងៃ៤ខែសីហា(ពេលវេលាអាមេរិក) បានប្រកាសចាត់ទុកជំងឺអុតស្វាជាភាពអាសន្នសុខភាពសាធារណៈដែលនេះជាការសម្រេចចិត្តមួយ ដើម្បីបង្កើនយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងមួយនេះ។
លោក Xavier Becerra បន្តទៀតថា ក្នុងចំណោមករណីឆ្លងជាង ៧,១០០ករណីនៅទូទាំងសហរដ្ឋអាមេរិក ភាគច្រើននៃអ្នកឆ្លងជំងឺនេះគឺជាបុរសរួមភេទជាមួយ បុរសដូចគ្នា។ ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយលោកហ្សាវីយេ បានលើកឡើងដូច្នេះថា «យើងបានត្រៀមខ្លួនសម្រាប់ការចាត់វិធានការឆ្លើយតបនិងដោះស្រាយបញ្ហាវីរុសនេះ (អុតស្វា) ហើយយើងជំរុញឱ្យប្រជាជនអាមេរិកគ្រប់រូបមានការប្រុងប្រយ័ត្នចំពោះជំងឺអុតស្វា។
មកទល់នឹងពេលនេះ សហរដ្ឋអាមេរិកមិនទាន់មានអ្នកស្លាប់ដោយសារជំងឺអុតស្វានោះទេ។ ជំងឺអុតស្វាក៏ត្រូវបានអង្គការសុខភាពពិភពលោក ចាត់ទុកជាភាពអាសន្នសុខភាពសាធារណៈសកលផងដែរ៕ ដោយ៖ ធីរីណា

រូបថត៖TTXVN-VNA


ចែករំលែក៖