ព័ត៌មានទាន់ហេតុការណ៍៖

លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា រដ្ឋមន្រ្តីការបរទេសជប៉ុន បានអញ្ជើញដាក់បាច់ផ្កាដើម្បីគោរពនៅមុខចេតិយលោក ណាកាតា អាត្ស៊ឹហ៊ិតុ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា រដ្ឋមន្រ្តីការបរទេសជប៉ុន បានអញ្ជើញដាក់បាច់ផ្កាដើម្បីគោរពនៅមុខចេតិយលោក ណាកាតា អាត្ស៊ឹហ៊ិតុ (អ្នកស្ម័គ្រចិត្តនៃអង្គការសហប្រជាជាតិ) និង លោកតាកាតា ហារឹយឹគិ (មន្រ្តីនគរបាលស៊ីវិលនៅក្នុងអាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិនៅកម្ពុជា(អ៊ុនតាក់)) ដែលបានទទួលមរណភាពកំឡុងពេលបំពេញបេសកកម្មនៃប្រតិបត្តិការថែរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅកម្ពុជាពីឆ្នាំ១៩៩២ ដល់១៩៩៣។

លោកក៏បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗ រួមមាន ៖

១- លិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េនដែល មានទឹកប្រាក់ចំនួន៤១,៣៨៨ប៊ីលានយ៉េន ស្មើនឹងប្រមាណ ៣៨៣,២២លានដុល្លារអាមេរិក។  សម្រាប់ការអនុវត្តគម្រោងអភិវឌ្ឍន៍ ចំណតផែកុងតឺន័រថ្មីនៅកំពង់ផែក្រុងព្រះសីហនុជំហានទី១ ដែលចុះហត្ថលេខារវាង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រ កម្ពុជា និង លោក ហាយ៉ាហ្ស៊ី យ៉ូហ៊ីម៉ាសា (HAYASHI Yoshimasa) រដ្ឋមន្ត្រីការបរទេស ជប៉ុន។

២- កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងខាងលើ រវាងលោក ហែម វណ្ណឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី កាមេ ហាវឺ ប្រធាន តំណាង JICA ប្រចាំកម្ពុជា។

ឥណទានសម្បទាននេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រីក និងធ្វើទំនើបកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ និង​ដើម្បី​ប្រែក្លាយ​កំពង់​ផែ​នេះ​ទៅ​ជាកំ​ពង់​ផែ​ទឹក​ជ្រៅស្នូ​ល​សម្រាប់​ប្រទេសកម្ពុជា និងក្នុងតំបន់ ស្របតាម​ការ​ប្តេជ្ញា​ចិត្ត​របស់​នាយករដ្ឋ​មន្ត្រី​ នៃ​ប្រទេស​ទាំង​ពីរ​កាល​ពី​ដើម​ឆ្នាំនេះ។

ក្រោយមកនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយលោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា(HAYASHI Yoshimasa)រដ្ឋមន្ត្រីការបរទេសជប៉ុន។

លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងដល់ប្រជាជនកម្ពុជា ដែលបានសំដែងមរណទុក្ខដ៏ក្រៀមក្រំចំពោះមរណភាពរបស់លោក Shinzo Abe អតីតនាយករដ្ឋមន្ត្រីជប៉ុន ។ លោកបានមានប្រសាសន៍ថា នេះគឺជាកាយវិការដ៏ប្រពៃបំផុតរបស់កម្ពុជា ប្រកបដោយក្តីគោរពគោរព និងក្តីស្រឡាញ់។ លោកបានអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែង ក្នុងការស្វែងរកដំណោះស្រាយបញ្ហានៅប្រទេសមីយ៉ាម៉ា អោយត្រឡប់មករកភាពប្រក្រតីវិញ ។ លោកក៏បានសម្ដែងនូវការអបអរសាទរ ចំពោះភាពជោគជ័យនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕

ដោយ ៖ សិលា


ចែករំលែក៖