ខេត្តបាត់ដំបង ៖ លោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន និងផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកសង្កែ ចុះប្រតិបត្តិការបង្ក្រាបបានករណីរក្សាទុក ជួញដូរ ចែកចាយដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ នៅត្រង់ចំណុចក្រុមទី០៤ ភូមិតាកុក ឃុំនរា ស្រុកសង្កែ។
មន្ត្រីនគរបាលស្រុកសង្កែបានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ១.ឈ្មោះ សែន សុភា ហៅ ហ៊ា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង និង២.ឈ្មោះ រៀត សារិទ្ធ ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិនរា១ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។
ដោយឡែកវត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់ ទម្ងន់ ៥,០៥ក្រាម
-សម្ភារៈកែច្នៃប្រើប្រាស់ថ្នាំញៀនមួយចំនួន
-ទូរស័ព្ទដៃ ០១គ្រឿង
-ម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1BV-7084 ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីចាត់ការតាមច្បាប់បន្ត ៕
ដោយ ៖ ប្រាថ្នា