ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តស្ទឹងត្រែងជំរុញឱ្យប្រជាកសិករចិញ្ចឹមគោ ក្របី ដើម្បីកំណើនសេដ្ឋកិច្ចគ្រួសារ

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែ សីហា ឆ្នាំ២០២២នេះ លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករ ក្នុងភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ក្នុងពិធីចាក់វាក់សាំងការពារជំងឺពកស្បែកសត្វគោ ក្របី ជូនប្រជាពលរដ្ឋ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង លោក លោកស្រី មន្ទីរ អង្គភាពជុំវិញខេត្ត រួមនិងមន្រ្តីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងប្រជាកសិករចូលរួមយ៉ាងច្រើនកុះករផងដែរ។

លោក ស្វាយ សំអ៊ាង មានប្រសាសន៍សំណេះសំណាល សាកសួរសុខទុក្ខ ដល់ប្រជាកសិករក្នុងសង្កាត់ព្រះបាទ និងបានជម្រុញ ទៅលើវិស័យកសិកម្ម ដូចជាដាំដុះ ដំណាំនានា ការបង្កបង្កើនផល និងការចិញ្ចឹមសត្វគោ ក្របី ដែលជាការរួមចំណែកមួយធ្វើឲ្យមានកំណើនសេដ្ឋកិច្ចកាន់តែប្រសើរ។

ឈ្លៀតក្នុងឱកាសនោះដែរលោកអភិបាលខេត្ត បានណែនាំ ដល់ប្រជាកសិករ ទាំងអស់ត្រូវរើសពូជល្អៗយកមកចិញ្ចឹម ព្រោះពូជល្អ ធ្វើឲ្យតំលៃទីផ្សារបានកាន់តែខ្ពស់ ហើយបានណែនាំឲ្យម្ចាស់សត្វពាហនៈ ត្រូវយកមកចាក់ថ្នាំបង្កា ដល់គោ ក្របី ដើម្បីបង្កាជំងឺផ្សេង បង្កការឆ្លងរាលដាលដល់សត្វចិញ្ចឹមផ្សេងទៀត។

យុទ្ធនាការចាក់វ៉ាក់សាំងគោ-ក្របីជូនប្រជាពលរដ្ឋនៅក្រុងស្ទឹងត្រែង ដែលរៀបចំ ឡើងដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ពិតជាមានសារៈសំខាន់ខ្លាំង ដើម្បី ចូលរួមទប់ស្កាត់នូវការរីករាលដាលនៃជម្ងឺឆ្លងសត្វគោ-ក្របី កាត់បន្ថយអត្រា សត្វស្លាប់ និងហានិភ័យពីការ បរិភោគសាច់សត្វជាដើម។

តាមការបញ្ជាក់ របស់លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឲ្យដឹងថា ក្នុងទូទាំងខេត្តមានសត្វគោ ចំនួន ៣១.៣០២ក្បាល ក្របី ចំនួន ៣៧.៣៥០ក្បាល ក្នុងនោះ ក្រុងស្ទឹងត្រែង មានសត្វគោចំនួន ៤.៩៦៨ក្បាល និងសត្វក្របី ៤.៧៧០ក្បាល៕

ដោយ៖ សូរិយា


ចែករំលែក៖