ព័ត៌មានទាន់ហេតុការណ៍៖

លោកត្រាំថ្កោលទោសយ៉ាងខ្លាំង ដល់ក្រុម FBI ដែលបានឆែកផ្ទះរបស់លោកដោយមិនផ្តល់ព័ត៌មានជាមុន

ចែករំលែក៖

អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ក្រោយពេលក្រុម FBI បានចូលឆែកឆេរផ្ទះរបស់លោកនៅតំបន់រមណីយដ្ឋាន Mar-a-Lago ក្នុងតំបន់ Palm Beach នៃទីក្រុង Florida ។ ក្រុមFBI បានឡោមព័ទ្ធផ្ទះរបស់លោក ហើយចូលឆែកឆេរតែម្តង។
ក្រុមFBI នៅថ្ងៃទី៨ ខែសីហា បានបើកទូដែករបស់លោក។ នេះជាសញ្ញាមួយបង្ហាញពីការប្រឈមមុខស្រាវជ្រាវទ្រង់ទ្រាយធំក្នុងដំណាក់កាលចុងក្រោយនៃការកាន់តំណែងប្រធានាធិបតីរបស់លោកត្រាំ។ លោកត្រាំបានចាត់ទុកថា ការឆែកឆេរខាងលើគឺជាការ«វាយប្រហារ» ហើយលោកបានថ្កោលទោសយ៉ាងខ្លាំងដែលក្រុម FBI ដែលបានបើកទូដែករបស់លោក។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន លោក ត្រាំ បាននិយាយថា ផ្ទះរបស់លោកត្រូវបានគ្រប់គ្រងដោយមនុស្សមួយក្រុមដែលជាភ្នាក់ងារប៉ូលិស FBI ខណៈដែលមានសេចក្ដីរាយការណ៍ថា ការចុះឆែកឆេរខាងលើមានជាប់ពាក់ព័ន្ធនឹងការស្វែងរកឯកសារមួយចំនួនដែលអតីតប្រធានាធិបតីអាមេរិករូបនេះបានយកចេញពីសេតវិមាន ទៅកាន់ផ្ទះរបស់លោក។ ប៉ុន្តែ មិនទាន់មានការបញ្ជាក់លម្អិតពីឯកសារទំាងនោះទេ រីឯខាងក្រសួងយុត្តិធម៌ និងប៉ូលិស FBI ក៏មិនទាន់បានធ្វើអត្ថាធិប្បាយអ្វីនៅឡើយនោះដែរ ហើយប្រតិបត្តិការនេះទៀតសោតធ្វើឡើងនៅចំពេលដែលលោក ត្រាំ កំពុងស្ថិតនៅឯអគារ Trump Tower ក្នុងទីក្រុងញូវ
យ៉ក។
យ៉ាងណាក៏ដោយ ក៏លោក ដូណាល់ ត្រាំ បានថ្កោលទោសយ៉ាងខ្លាំងចំពោះប្រតិបត្តិការចុះឆែកឆេរ ដោយចាត់ទុកថាវាជាពេលវេលាដ៏ខ្មៅងងឹតសម្រាបសហរដ្ឋអាមេរិក និងជាចេតនាអាក្រក់ក្នុងការរារាំងកុំឱ្យរូបលោកចូលរួមប្រកួតប្រជែងជាថ្មីក្នុងការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២៤៕ ដោយ៖ ធីរីណា

រូប​ថត​ ៖​ D.M/NYT


ចែករំលែក៖