ព័ត៌មានទាន់ហេតុការណ៍៖

ករណីលិចទូកនៅទន្លេស្រែពកខេត្តរតនគិរីសមត្ថកិច្ចបានរកឃើញសាកសពហើយនៅព្រំប្រទល់ក្នុងខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តរតនគិរី៖  បុរសម្នាក់ដែលបានបាត់ខ្លួននីក្នុងឧបទ្ទវហេតុលិចទូកដចម្លងនៅចំណុចភូមិ៥ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរីកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នោះ ពេលនេះត្រូវបានសមត្ថកិច្ចរកឃើញសាកសពហើយគឺអណ្ដែតទឹកមកទើរនៅចំណុចអូរសូរ ក្នុងភូមិក្បាលរមាស ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែងនាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២នេះ។

    សាកសពដែលសមត្ថកិច្ចរកឃើញនោះឈ្មោះ ជី សឿង ភេទប្រុស  អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិ៥ ឃុំត្រពាំងច្រេស  ស្រុកកូនមុំ ខេត្តរតនគិរី។

    ប្រភពពីសមត្ថកិច្ចឱ្យដឹងថា ក្រោយពីប្រទះឃើញសាកសពភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ឃុំក្បាលរមាសសហការជាមួយកម្លាំងប្រជាការពារភូមិក្របីជ្រំ ស្រុកសេសាន ខេត្តស្ទឹងត្រែង និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកូនមុំ  ខេត្តរតនគិរី បានចុះទៅកាន់កន្លែងប្រទះឃើញសពនោះ ហើយក៏បានស្រង់សាកសពនិងធ្វើកំណត់ហេតុប្រគល់ឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

    ក្នុងហេតុការណ៍កាលពីថ្ងៃទី១០ខែសីហាឆ្នាំ២០២២នោះមានទូកដចម្លងមួយគ្រឿងបានបើកឆ្លងកាត់ទន្លេស្រែពកត្រង់ចំណុចកំពង់ចម្លងឈ្មោះ ភោគ បូរិទ្ធ ហើយមានផ្ទុកមនុស្សចំនួន១២នាក់(ស្រី៦នាក់)និងម៉ូតូ៤ គ្រឿង។  ការបើកបរទូកដឆ្លងនោក៏ប៉ះចំកន្លែងដែលទឹកកំពុងឡើងហើយកួចខ្លាំងទើបធ្វើឱ្យទូកដនោះលិចផ្លឹបតែម្តង។   

    នៅក្នុងហេតុការណ៍នោះដែរក៏មានអ្នកភូមិបាននាំគ្នាជិះទូកជាច្រើនមកជួយសង្គ្រោះទាន់ពេលដែរ តែជួយបានតែមនុស្ស១១នាក់ ឯម្នាក់ទៀតបានបាត់ខ្លួនរួមទាំងម៉ូតូ៤គ្រឿងទៀត ក្នុងនោះមាន៖ម៉ូតូម៉ាកហុងដាឌ្រីមចំនួន០២គ្រឿងនិងម៉ូតូម៉ាកវេ៉វឆ្លាមចំនួន០២គ្រឿងបានលិចចូលទៅក្នុងទន្លេបាត់។

     រីឯបុរសដែលបាត់ខ្លួននោះត្រូវបានគេប្រទះឃើញសពនាវេលាថ្ងែខែខាងលើនៅឯព្រំប្រទល់ខេត្តស្ទឹងត្រែងមានចម្ងាយពីកន្លែងកើតហេតុប្រមាណ៨០គីឡូម៉ែត្រឯណោះនៅឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖