ខេត្តកំពង់ធំ ៖ យុទ្ធនាការអន្ទាក់សូន្យលើកទី៥ ត្រូវបានធ្វើឡើងនៅខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ជាយុទ្ធនាការលើកទី៥ ក្នុងខេត្តបន្ទាប់ពីខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ និងមណ្ឌលគិរី ព្រមទាំងមានម្ចាស់ភោជនីយដ្ឋានចំនួន៤៧ ហើយបានប្រកាសមិនលក់សាច់សត្វព្រៃ សម្រាប់ធ្វើម្ហូបជូនភ្ញៀវជាដាច់ខាត។
សម្រាប់យុទ្ធនាការអន្ទាក់សូន្យនេះ ត្រូវបានចាប់ផ្ដើមដែលដឹកនាំដោយក្រសួងបរិស្ថាន ទីភា្នក់ងារជំនួយអាមេរិក USAID អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (FFI) អង្គការអភិរក្សអន្តរជាតិ (CI) អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) និងមជ្ឈមណ្ឌលសម្រាប់មនុស្ស និងព្រៃឈើ (RECOFTC) ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ និងអង្គការអភិរក្សទាំងអស់ ដែលធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយវិបត្តិអន្ទាក់។ លោកនេត្រ ភក្ត្រា បានថ្លែងថា៖ «ការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ចត្រូវតែដើរទន្ទឹមគ្នាដើម្បីលុបបំបាត់ការដាក់អន្ទាក់នៅក្នុងតំបន់ការពារធម្មជាតិ ទើបអាចផ្តល់ជម្រកសុវត្ថិភាពដល់សត្វព្រៃ»។
ជាមួយគ្នានេះដែរ លោកបានជំរុញឱ្យប្រជាពលរដ្ឋបញ្ឈប់ការបរបាញ់ការដាក់អន្ទាក់ជួញដូរ និងបរិភោគសត្វព្រៃ។ លោកក៏បានកត់សម្គាល់ផងដែរថា ការទទួលទានសត្វព្រៃមិនធ្វើឱ្យសុខភាពមនុស្សប្រសើរឡើងនោះទេ សាច់សត្វព្រៃ និងផ្នែកផ្សេងៗនៃសត្វព្រៃមិនគួរប្រើប្រាស់សម្រាប់ធ្វើជាឱសថនោះទេ ហើយការកើនឡើងនៃការប៉ះពាល់មនុស្សទៅសត្វបង្កើនហានិភ័យនៃការរីករាលដាលមេរោគ និងជំងឺផ្សេងៗទៀត។
លោកបានបញ្ជាក់ថា៖ «ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេសកម្ពុជា ឈប់ទិញ លក់ និងប្រើបរិភោគសត្វព្រៃ។ ខ្ញុំសូមលើកទឹកចិត្តឱ្យអ្នកទាំងអស់គ្នាចូលរួមជាមួយក្រសួង និងដៃគូដើម្បីលុបបំបាត់ បញ្ចប់វិបត្តិអន្ទាក់ ប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃ ក៏ដូចជាការពារសត្វព្រៃ និងធនធានធម្មជាតិរបស់ព្រះរាជាណាចក្រ»។ «សត្វព្រៃជារៀងរាល់ថ្ងៃនៅទូទាំងព្រះរាជាណាចក្រត្រូវបានជាប់អន្ទាក់បំពុល និងបាញ់សម្លាប់។ បើមិនមានវិធានការរួមគ្នាទាន់ពេលវេលា ព្រៃឈើកម្ពុជានឹងមិនមានសល់សត្វព្រៃឡើយ»។
យុទ្ធនាការប្រឆាំងការដាក់អន្ទាក់ ដែលចាប់ផ្ដើមនៅថ្ងៃនេះ ក្នុងខេត្តកំពង់ធំ គឺជាជំហានដ៏សំខាន់មួយ ក្នុងការលើកកម្ពស់ការយល់ដឹង ដើម្បីដោះស្រាយវិបត្តិនេះ។ យើងក៏ត្រូវតែបន្តផ្តល់សិទ្ធិដល់សហគមន៍មូលដ្ឋាន ក្នុងការធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីប្រយុទ្ធប្រឆាំងនឹងការដាក់អន្ទាក់ ក៏ដូចជាការជួញដូរសត្វព្រៃខុសច្បាប់។ ការលើកកម្ពស់ជីវភាពសម្រាប់សហគមន៍មូលដ្ឋានមានសារសំខាន់ណាស់ក្នុងការដោះស្រាយវិបត្តិអន្ទាក់។ ទីភ្នាក់ងារជំនួយអាមេរិក USAID កម្ពុជានឹងបន្តផ្តល់ជូនសហគមន៍កម្ពុជាដែលរស់នៅក្នុង និងជុំវិញតំបន់ការពារធម្មជាតិនូវជម្រើសមុខរបរជីវភាព ដូចជាកសិកម្មដែលជួលដល់សត្វព្រៃ និងការអភិវឌ្ឍតំបន់អេកូទេសចរណ៍។លោក ប៉ាប្លូស៊ីណាវ៉ាស (Pablo Sinovas )នាយកអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (FFI) ប្រចាំប្រទេសកម្ពុជា បានរៀបរាបថា «អន្ទាក់ គឺជាការគំរាមកំហែងដ៏ធំបំផុតដល់សត្វព្រៃ នៅក្នុងព្រៃរបស់កម្ពុជា។ អន្ទាក់ដែលមានតម្លៃថោក ងាយស្រួលដាក់ពង្រាយពិបាករក និងមើលមិនឃើញ ហើយអន្ទាក់កំពុងបំផ្លាញតំបន់ការពារធម្មជាតិរបស់សត្វព្រៃដែលត្រូវបានកំពុងការពារ»។
លោកបន្តថា៖ «យើងត្រូវចាត់វិធានការ ឥឡូវនេះ ដើម្បីកាត់បន្ថយតម្រូវការសាច់សត្វព្រៃដែលជំរុញឱ្យមានការដាក់អន្ទាក់ និងពង្រឹងការអនុវត្តច្បាប់»។
លោក ស៊ុម ភារុណ ប្រធានគម្រោងអភិរក្សតំបន់ទេសភាពបឹងទន្លេសាប នៃអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ប្រចាំប្រទេសកម្ពុជា បានថ្លែងថា «អន្ទាក់សម្លាប់ និងបង្ករបួសដល់សត្វព្រៃរាប់មិនអស់នៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជាជារៀងរាល់ឆ្នាំ។ ការដោះស្រាយវិបត្តិការដាក់អន្ទាក់នៅទូទាំងតំបន់ការពារធម្មជាតិរបស់កម្ពុជា ទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធចាប់ពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ជាតិ។ យុទ្ធនាការត្រូវធ្វើឡើងជាប្រចាំ ដើម្បីលើកកម្ពស់ការយល់ដឹងដល់សាធារណជន ជាពិសេសអ្នកប្រមាញ់ និងឈ្មួញជួញដូរសាច់សត្វព្រៃ ក៏ដូចជាអ្នកស្រឡាញ់សត្វព្រៃ អំពីផលវិបាកនៃអន្ទាក់ និងសារសំខាន់នៃសត្វព្រៃ។
ការពង្រឹងការអនុវត្តច្បាប់ក៏ជាផ្នែកសំខាន់មួយក្នុងការបញ្ចប់ឧក្រិដ្ឋកម្មសត្វព្រៃនៅកម្ពុជាផងដែរ»។ក្រៅពីការលើកកម្ពស់ការយល់ដឹងជាសាធារណៈ ការចូលរួមពីភាគីពាក់ព័ន្ធ និងការពង្រឹងការអនុវត្តច្បាប់ ក្រសួងបរិស្ថាន និងដៃគូក៏សហការគ្នាផងដែរ ក្នុងការផ្តល់ការជម្រើសមុខរបរជីវភាព រួមទាំងគំនិតផ្តួចផ្តើមកសិកម្ម រុក្ខាប្រមាញ់ និងអេកូទេសចរណ៍ ដល់ប្រជាពលរដ្ឋមូលដ្ឋានដែលរស់នៅជាប់តំបន់ការពារធម្មជាតិ ដែលតាមប្រពៃណីអាស្រ័យលើការប្រមូលអនុផលព្រៃឈើ ការបរបាញ់តាមបែបប្រពៃណីយកសាច់បរិភោគ និងជួញដូរ។ កិច្ចខិតខំប្រឹងប្រែងនេះក៏នឹងព្យាយាមផ្លាស់ប្តូរជម្រើស ៕
ដោយ៖ មុន្នី