ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកឈើរបស់ឈ្មួញជើងខ្លាំងឈ្មោះ តុលា បាត់ចេញពីសង្កាត់រដ្ឋបាលព្រៃឈើរវៀងមិនដឹងជាចោរស្រុកឬចោរព្រៃអ្នកចូលលួចនោះទេ?

ចែករំលែក៖

ខេត្តព្រះវិហារ ៖ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងសង្កាត់រដ្ឋបាលព្រៃឈើរវៀងបន្ទាប់ពីរថយន្តម៉ាកហាយឡេនឌ័រ១គ្រឿងត្រូវបានចោរចូលលួចយកចេញពីសង្កាត់រដ្ឋបាលព្រៃឈើរវៀងដោយមិនដឹងពីមូលហេតុ ខណៈដែលនៅក្នុងសង្កាត់រដ្ឋបាលព្រៃឈើរវៀងនោះមានការយាមកាមតឹងតែងបំផុត។

    ហេតុការណ៍បាត់រថយន្តដឹកបទល្មើសខាងលើបានកើតឡើងកាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២  ដែលគេដាក់ការងឿងឆ្ងល់ថា លោក យឹម វាសនា នាយរងសង្កាត់រដ្ឋបាលព្រៃឈើរវៀងនៅនឹងស្នាក់ការសោះចុះហេតុអ្វីបានជាចោរលួចកើត ? នេះជាលើកទី១ហើយ ដែលវត្ថុតាងដឹកបទល្មើសត្រូវបានចោរលួចបាត់។

    សូមបញ្ជាក់ជូនផងដែរថា រថយន្តម៉ាកហាយឡេនឌ័រដឹកឈើខាងលើត្រូវបានលោក ស៊ុំ សុវុត្ថា នាយផ្នែករវៀង សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុក នគរបាលស្រុកនិងអ្នកសារព័ត៌មាន បង្ក្រាបបានកាលពីល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិពោធិ៍ ឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ។ វត្ថុតាងមានរថយន្តម៉ាកហាយឡេនឌ័រ ពណ៌ស១គ្រឿង និងឈើលេខ១ មួយចំនួន ត្រូវបានរឹបអូសយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើរវៀង ប៉ុន្តែទុកបានតែមួយថ្ងៃប៉ុណ្ណោះរថយន្តត្រូវបានចោរអាថ៌កំបាំងលួចយកទៅបាត់ ។

   ពាក់ព័ន្ធករណីបាត់រថយន្តជាវត្ថុតាងនេះ លោក ជ័យ ជេដ្ឋា នាយសង្កាត់រដ្ឋបាលព្រៃឈើរវៀងបានឱ្យដឹងថា លោកមិនបាននៅកន្លែងទេដោយជាប់រវល់នៅឯស្រុក ព្រោះទៅមើលបងឈឺ ទុកឱ្យលោក យឹម វាសនា នាយរងសង្កាត់នៅចាំកន្លែង។ ចំណែករថយន្តដឹកបទល្មើសដែលបបាត់នោះលោកមិនទាន់ដឹងពីមូលហេតុពិតប្រាកដទេ រង់ចាំស្រាវជ្រាវមើលសិន ។

    ចំណែកលោក ស៊ុំ សុវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀងបានឱ្យដឹងថា លោកហួសចិត្តដែលចោរវាហ៊ានចូលមកលួចយករថយន្តដែលជាវត្ថុតាងដល់ក្នុងសង្កាត់រដ្ឋបាលរវៀងយ៉ាងនេះ ប៉ុន្តែលោកនឹងបន្តតាមបង្រ្កាបទៀតឱ្យខាងតែបាន ៕

ដោយ៖ អ្នកប្រមាញ់


ចែករំលែក៖