ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយឡេនឌ័រ ម្ចាស់ស្រវឹងហោះឡើងខឿនទៅបុកបង្គោលស្លាកសញ្ញាបាក់អស់មួយដើមនៅផ្លូវលេខ២១៧

ចែករំលែក៖

    ភ្នំពេញ ៖ បុរសម្នាក់មើលទៅស្រវឹងស្រាខ្លាំងណាស់បានបើករថយន្តម៉ាកហាយឡេនឌ័រក្នុងល្បឿនយ៉ាងលឿនឡើងលើខឿនទៅបុកបង្គោលស្លាកសញ្ញាបាក់អស់មួយដើម តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្សនោះទេ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី១៣ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៧ត្រង់ចំណុចចុងស្ពានអាកាសស្ទឹងមានជ័យខាងលិច ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    បើតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រាជោកជាំបានបើករថយន្តម៉ាកហាយឡេនឌ័រពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2U-4936 តាមបណ្តោយផ្លូវលេខ២១៧ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនហើយនិងមេឃកំពុងតែធ្លាក់ភ្លៀងខ្លាំង ពេលបើកមកដល់ចំណុចកើតហេតុខាងលើសង្ស័យតៃកុងងោកមួយភាំងក៏រេចង្កូតមកខាងឆ្វេងដៃឡើងលើខឿនទៅបុកបង្គោលស្លាកសញ្ញាបាក់មួយដើម ចំណែកឯរថយន្តបង្កវិញរងការខូចខាតបែកកាឡេកង់មុខខាងឆ្វេងទៅមុខលែងរួច តែសំណាងល្អមិនមាននរណាម្នាក់រងគ្រោះនៅក្នុងហេតុការណ៍ខាងលើនោះទេ ។

     ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ចុះមកដល់  រួចពិនិត្យនិងវាស់វែងហៅរថយន្តស្ទូចមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖