ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់បើករថយន្តបត់ឆ្លងផ្លូវមិនប្រយ័ត្ន ម៉ូតូជិះមកពីក្រោយបុកពីចំហៀងបណ្ដាលឱ្យរងការខូចខាត ហើយភាគីទាំងពីរជជែកគ្នាយកត្រូវរៀងៗខ្លួន

ចែករំលែក៖

   ភ្នំពេញ៖ ស្ត្រីម្នាក់រួមដំណើរនឹងកូនស្រីម្នាក់ទៀតបើករថយន្តម៉ាកKIAមួយគ្រឿងបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវបានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងមកពីក្រោយចាប់ហ្វ្រ័ងមិនទាន់បានជ្រុលទៅបុកពីចំហៀងរថយន្តបណ្ដាលឱ្យរងការខូចខាត ហើយភាគីទាំងពីរជជែកគ្នាយកត្រូវរៀងៗខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី១៣ ខែសីហាឆ្នាំ២០២២ នៅត្រង់ចំណុចមុខខ្លោងទ្វារវត្តសំរោងអណ្ដែត តាមបណ្ដោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញស្ត្រីម្នាក់រួមដំណើរជាមួយកូនស្រីម្នាក់ទៀតបើករថយន្តម៉ាកKIA មួយគ្រឿងពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2BP-2338 ធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយពីជើងទៅត្បូង លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ បានបត់ស្ដាំដៃចូលផ្លូវបេតុងចូលទៅវត្តសំរោងអណ្ដែត ខណៈស្រាប់តែមានបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមមួយគ្រឿងពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ1CM-0632ធ្វើដំណើរមកពីក្រោយចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុកពីចំហៀងរថយន្តផ្នែកស្តាំបណ្ដាលឱ្យរងការខូចខាតបន្តិចបន្តួច ប៉ុន្តែភាគីទាំងពីរបានជជែកគ្នាយកត្រូវរៀងៗខ្លួន។

    ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា  ហើយក្រោយពីសម្របសម្រួលគ្នាអស់មួយសន្ទុះធំមកភាគីទាំងពីរបានព្រមព្រៀងគ្នា ដោយខាងភាគីម៉ូតូបានចេញសំណងចំនួន៣០ ដុល្លារទៅឱ្យខាងភាគីរថយន្ដដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖