ព័ត៌មានទាន់ហេតុការណ៍៖

បារាំងបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺអុតស្វា១,៥លានដូសបន្ថែមទៀត

ចែករំលែក៖

បារាំងបានសម្រេចបញ្ជាទិញវ៉ាក់សាំងពីមន្ទីរពិសោធន៍ Bavarian Nordic របស់ប្រទេសដាណឺម៉ាកបន្ថែម១,៥លានដូស សម្រាប់ទប់ស្កាត់ការឆ្លងជំងឺអុតស្វា។
តាមការប្រកាសរបស់រដ្ឋាភិបាលបារាំង យុទ្ធនាការចាក់វ៉ាក់សាំង របស់ក្រសួងសុខាភិបាលបារាំង បានផ្តល់អាទិភាពទៅលើក្រុមប្រឈមហានិភ័យខ្ពស់ប្រមាណ ២៥០ពាន់នាក់ ។ អ្នកទាំងនោះគឺជាក្រុមបុរសដែលស្រឡាញ់ភេទដូចគ្នា និងអ្នកដែលមានដៃគូច្រើន។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង François Braun មិនបានលើកឡើងពីតួលេខច្បាស់លាស់ពីចំនួនវ៉ាក់សាំងរក្សាទុកតើមានគ្រប់គ្រាន់សម្រាប់ការចាក់ដែរឬទេ។ កាលពីចុងខែកក្កដា មានវ៉ាក់សាំងជាង៣២ពាន់ដូសបានចាក់ជូនពលរដ្ឋ និងវ៉ាក់សាំងជាង៤២ពាន់ដូសបានបញ្ជូនទៅកាន់ឃ្លាំងរក្សាទុក ។ ក្រសួងសុខាភិបាលបារាំងបានឡើងគម្រោងចាក់វ៉ាក់សាំងជូនពលរដ្ឋចាប់ពី១ម៉ឺនដល់១ម៉ឺន៥ពាន់នាក់ជារៀងរាល់សប្តាហ៍ ។ បារាំងមានទីតាំងចាក់វ៉ាក់សាំង១៨២កន្លែងនៅទូទាំងប្រទេស ។
គិតត្រឹមថ្ងៃទី១១ខែសីហា បារាំងបានរកឃើញករណីកើតជំងឺអុតស្វា សរុប២៦៧៣ករណី។ ប៉ុន្តែតួលេខពិតអាចមានខ្ពស់ជាងនេះ៕

ដោយ៖ ធីរីណា(រូបថត៖ LP)


ចែករំលែក៖