ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងរយៈពេល៧ខែ​ ឆ្នាំ២០២២នេះ! កម្ពុជានាំចេញកៅស៊ូមានទឹកប្រាក់សរុប ២៥៥លានដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ បេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ បានបញ្ជាក់ថា​  ក្នុងរយៈពេល៧ខែ ឆ្នាំ២០២២នេះ! កម្ពុជា បាននាំចេញកៅស៊ូ ទៅក្រៅប្រទេស ទទួលបានចំណូលសរុប ប្រមាណ ២៥៥លានដុល្លារ។

របាយការណ៍ដដែល​បន្តថា កម្ពុជាបាននាំចេញកៅស៊ូស្ងួតចំនួន ១៦១ ៥៦២តោនក្នុងរយៈពេល៧ខែនៃឆ្នាំ ២០២២ ធ្លាក់ចុះបន្តិចបន្តួច ០.៣ ភាគរយ ធៀបនឹងរយៈពេលដូចគ្នា​ឆ្នាំមុន។

ប្រភពដដែលបន្តថា​ ព្រះរាជាណាចក្រកម្ពុជា​ ទទួលបានប្រាក់ចំណូលចំនួន ២៥៤.៨ លាន​ដុល្លារ​អាម៉េរិក​ពីការនាំចេញទំនិញក្នុងអំឡុងខែមករាដល់ខែកក្កដាឆ្នាំនេះ​ ធ្លាក់ចុះ ៦ ភាគរយពី ២៧១ លានដុល្លារក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

ដោយឡែក​បេី​តាមការបញ្ជាក់ពីលោក​ ហ៊ឹម អូន អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ បានថ្លែង​បញ្ជាក់ថា៖​ នៅក្នុងរបាយការណ៍ថា ជ័រកៅស៊ូមួយតោនមានតម្លៃជាមធ្យម ១ ៥៧៧ ​ដុល្លារក្នុងអំឡុងពេលប្រាំពីរខែនៃឆ្នាំ ​២០២២ បាន​ថយចុះ ៩៥ ដុល្លារ ក្នុងមួយតោន​ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ ​កម្ពុជា​នាំចេញជ័យ​កៅស៊ូ​ភាគ​ច្រើនទៅកាន់ប្រទេសម៉ាឡេស៊ី វៀតណាម​ សិង្ហបុរី និងចិន។

ការវិនិយោគពីវិស័យឯកជន ​បង្កើតរោងចក្រផលិតកង់រថយន្ត ក្នុងក្រុងបាវិត ​និងក្រុងព្រះសីហនុ កាល​ពីពេលថ្មីៗនេះ នឹងជួយជំរុញ ​និងធានាទីផ្សារដល់ជ័រកៅស៊ូក្នុងស្រុក។

សូមជម្រាបថា​ កម្ពុជា​បាន​ដាំ​ដើម​កៅស៊ូ​លើ​ផ្ទៃដី​សរុប​ចំនួន ៤០៤ ០៤៤ ​ហិកតា ដែល​ក្នុង​នោះ​​ផ្ទៃដីចៀរជ័រ​កៅស៊ូ ៣១០.១៩៣ ហិកតា ឬ ៧៧ ភាគរយ​ រហូត​​​មក​ដល់​ពេល​នេះ​៕

ដោយ​៖សហការី​


ចែករំលែក៖