កម្លាំងប៉ូលិសក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិកបានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៤ខែសីហា មានបុរសម្នាក់បើករថយន្តបំបុករបាំងវិមានកាពីតូល ក្រោយមកក៏បាញ់ជាច្រើនគ្រាប់ទៅលើអាកាសរួចហើយធ្វើអត្តឃាតតែម្តង។
តាមការប្រកាសពីកម្លាំងប៉ូលិសបានឱ្យដឹងទៀតថា ហេតុការណ៍ខាងលើកើតឡើងនៅវេលាម៉ោង៤ទៀបភ្លឺ នៅរបងវិមានកាពីតូល។ ចាប់តាំងពីការឆែកឆេរផ្ទះ អតីតប្រធានាធិបតីដូណាល់ ត្រាំមក កម្លាំងសន្តិសុខអាមេរិកបានព្រមានថា អាចនឹងមានអំពើហិង្សាទៅលើទីតាំងរដ្ឋាភិបាល។
កម្លាំងប៉ូលិសបានបិទទីតាំង ខាងលើដើម្បីបើកការស្រាវជ្រាវ បញ្ជាក់ពីមូលហេតុនៃការវាយប្រហារ ។
កន្លងមកថ្មីៗមានមនុស្សមួយក្រុមបានប្រដាប់ដោយកាំភ្លើងនាំគ្នាមកធ្វើកូដកម្មនៅមុខទីស្នាក់ការ FBI ក្រោយពេលក្រុមFBI ឆែកឆេរផ្ទះរបស់អតីតប្រធានាធិបតីត្រាំ ។ សកម្មភាពខាងលើបង្កឡើងដោយក្រុមអ្នកគាំទ្រលោកត្រាំ ។ ក្នុងពេលនេះដែរកម្លាំងសន្តិសុខអាមេរិកបង្កើនការពារទីតាំងសំខាន់ៗរបស់រដ្ឋាភិបាល ដោយខ្លាចក្រុមអ្នកគាំទ្រលោកត្រាំវាយប្រហារទីតាំង ឬមន្ត្រីរដ្ឋាភិបាល៕ ដោយ៖ ធីរីណា
រូបថត ៖ abc7chicago