ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុស២នាក់ជិះម៉ូតូឌុបគ្នាមកពីលក់ម្ជូរវិញរេចង្កូតចូលផ្ទះពលរដ្ឋហើយបុករានទេវតាពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់សន្លប់បាត់ស្មារតី

ចែករំលែក៖

ភ្នំពេញ​ ៖ ក្មេងប្រុស២នាក់បានបើកម៉ូតូមួយគ្រឿងឌុបគ្នាក្នុងល្បឿនលឿន ហើយរេចង្កូតជ្រុលចូលផ្ទះប្រជាពលរដ្ឋ ហើយទៅបុករានទេវតាធ្វើអំពីឥដ្ឋពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរសន្លប់ស្តូកស្តឹងទាំងពីរនាក់ ត្រូវបានប្រជាពលរដ្ឋទាក់ទងទៅរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន សុងការណ៍ មកដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ​គន្ធបុប្ផា បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ និង៤០នាទីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៧១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មាននៅកន្លែងកេីតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេឃើញក្មេងប្រុស២នាក់បើកបរម៉ូតូមួយគ្រឿងម៉ាកស្មាស់រេវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AN-5800 ឌុបគ្នាក្នុងល្បឿនយ៉ាងលឿនធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣៧១ លុះពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើក៏រេចង្កូតជ្រុលចូលផ្ទះបងប្អូនប្រជាពលរដ្ឋ ទៅបុករានទេវតាយ៉ាងពេញទំហឹង បណ្តាលឱ្សសន្លប់បាត់ស្មារតី និងរងរបួសធ្ងន់ធ្ងរត្រូវបានប្រជាពលរដ្ឋទាក់ទងទៅខាងរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន សុងការណ៍ មកដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ​គន្ធបុប្ផា។ ក្មេងប្រុសរងគ្រោះទាំងពីរនាក់ខាងលើនេះសង្ស័យថា ទើបតែមកពីដើរលក់គ្រឿងម្ជូរនាពេលយប់ ហើយបានបើកបរម៉ូតូត្រលប់ទៅផ្ទះវិញទាំងងងុយដេក ទើបបណ្តាលឱ្យបើកបរម៉ូតូរេចង្កូតជ្រុលចូលផ្ទះប្រជាពលរដ្ឋទៅបុករានទេវតាតែម្តង ដោយក្មេងប្រុសទាំងពីរនាក់នោះ មានអាយុប្រហែលជា១៤ទៅ១៥ឆ្នាំប៉ុណ្ណោះ។

     ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ផ្លូវគោក បានចុះមកដល់ទីតាំងកើតហេតុខាងលើនេះ ធ្វើការពិនិត្យមើលជាក់ស្តែង រួចក៏ធ្វើការវាស់វែងយកម៉ូតូរបស់ក្មេងប្រុសរងគ្រោះទៅរក្សាទុកជាបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលបឹងទំពុនទី២ ដេីម្បីរង់ចាំដោះស្រាយគ្នាពេលក្រោយ៕​

ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖