ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការពារជាតិបើកកិច្ចប្រជុំកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

ចែករំលែក៖

ភ្នំពេញ ៖ នៅទីស្តីក្រសួងការពារជាតិ​ ព្រឹកថ្ងៃទី១៨​  ខែសីហា​  ឆ្នាំ២០២២នេះ បានបេីកកិច្ចប្រជុំក្រុមការងារ​កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងការពារជាតិ​ ស្ថិតក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ម៉ឹង  សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជា​ប្រធាន​គណៈកម្មការកំណែទំរង់​គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ​ក្រសួងការពារជាតិ ព្រមទាំងមានការអញ្ជេីញចូលរួមពីមេញ្ជាការ មេបញ្ជាការរង អគ្គនាយក អគ្គនាយករង នាយក និងនាយទាហានទទួលបន្ទុកការងារជំនាញហិរញ្ញវត្ថុ ជាច្រើនរូបទៀត ។ 

ថ្លែងបើកកិច្ចប្រជុំនាឱកាសនោះនាយឧត្តមសេនីយ៍ ម៉ឹង  សំផន បានបញ្ជាក់ថា៖ គោលបំណងនៃកិច្ចប្រជុំក្រុម ការងារ​ កែទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ គឺដើម្បីត្រួតពិនិត្យការងារនិងការអនុវត្តការងារគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈអោយ​ដល់ថ្នាក់ដឹកនាំក៏ដូចជានាយទាហានទទួលបន្ទុក ការងារជំនាញហិរញ្ញវត្ថុ ដើម្បីជំរុញ​អោយការ​អនុវត្ត​ភារកិច្ច​​ជំនាញហិរញ្ញវត្ថុអោយ​ចំគោលដៅ ​ស្របតាម​ការ​ណែនាំរបស់ក្រសួងសេដ្ឋកិច្ចនិង ហិរញ្វវត្ថុ និង រាជរដ្ឋាភិបាល​បានដាក់ចុះ ធ្វើយ៉ាង ណាគ្រប់គ្រង ហិរញ្ញវត្ថុ សាធារណៈអោយបានល្អ ។

លោក ម៉ឹង  សំផន ជំរុញអោយ​តាមអង្គភាព​នីមួយៗគ្រប់គ្រងហិរញ្ញវត្ថុអោយបានត្រឹមត្រូវ ដើម្បីប្រើប្រាស់​ថវិកាការពារជាតិ​អោយ​បានសមស្រប សន្សំ​សំចៃនិងមានគណនីយភាព ។ លោកបានបន្តថា៖ ការ​ចំណាយថវិកាការពារជាតិ មានការវិវត្តន៍ទៅតាមឆ្នាំនីមួយៗ ស្របតាមផែនការជំនាញនិងទៅ​តាម​ប្រភេទទ័ពនិងទៅតាម​ជំនាញខុសៗគ្នា ហើយការការកែទម្រង់គឺ ធ្វើ ឡើង​អោយសមស្រប​តាមច្បាប់​គ្រប់គ្រង​ហិរញ្ញវត្ថុសារណៈ ។ 

លោករដ្ឋលេខាធិការ ម៉ឹង  សំផន ក៏បានលើកឡើងពីគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេច តេជោ ហ៊ុន  សែន ជានាយករដ្ឋមន្ត្រី​ ដែលបានធ្វើអោយប្រទេសជាតិទទួលបាននូវ សុខសន្តិភាព និង ការអភិវឌ្ឍន៍រីចំរើន​លើ​គ្រប់​វិស័យ ជាពិសេសក្នុងរយៈ ពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ដែលសកលលោកក៏ដូចជាកម្ពុជាជួបវិបត្តជម្ងឺឆ្លងរាតត្បាតកូវីដ១៩​ក្តីក៏សេដ្ឋកិច្ចជាតិ មានការងេីបឡេីងវិញ​គួរកត់សំគាល់ហេីយរាជរដ្ឋា ភិបាលបានបង្កើនប្រាក់បៀវត្សរ៍ជាបន្តបន្ទាប់ ដល់កងកំលាំងប្រដាប់អាវុធ,មន្ត្រីរាជការ,កម្មករ ដែលបាន​រួម ចំណែក​​លើក​កំពស់​ជីវភាពរស់នៅកាន់តែប្រសើជាងមុន ។ 

   ក្នុងឱកាសកិច្ចប្រជុំនោះដែរ​  ក៏បានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ជុំវិញការ​អនុវត្ត ការងារ​​គ្រប់​គ្រង​​​ហិរញ្ញវត្ថុ​សាធារណៈនៅក្នុងក្រសួងការពារជាតិ ដើម្បីធ្វើយ៉ាងណា​អោយការអនុវត្ត​ជំនាញហិរញ្ញវត្ថុនេះ​បាន​ត្រឹម​ត្រូវ​ស្របទៅតាម​ច្បាប់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដែលបានដាក់ចុះ ៕

ដោយ៖ សួរិយា


ចែករំលែក៖