ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៨ ខែសីហា ឆ្នាំ២០២២នេះថា៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៧ ខែសីហាម្សិលមិញនេះ បានចាត់ក្រុមការងារ ដឹកនាំដោយ លោកឧត្ដមសេនីយ៍ត្រី ម៉ក់ សាវុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាំយកថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារៈមួយចំនួនចូលរួមចំណែកសម្រាលទុក្ខលំបាកដល់គ្រួសារលោកអនុសេនីយ៍ឯក ហ៊ុន ឡា ជំនួយការអាវុធហត្ថខណ្ឌដូនពេញ ដែលជួបទុក្ខដោយសារអគ្គិភ័យឆាបឆេះគេហដ្ឋាន។
ឆ្លៀតក្នុងឱកាសនោះ ក្រុមការងារ បាននាំយកថវិកាចំនួន ៤លានរៀល, ស័ង្គសី ៥០សន្លឹក, អង្ករ ២បាវ, មី ១កេសធំ, ទឹកសុទ្ធ ២កេស, ត្រីខកំប៉ុង ២យួរ, ទឹកត្រីទឹកសុីអុីវ ២យួរ។
ជាមួយគ្នានោះ អំណោយរបស់មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ រួមមាន៖ អង្ករ ២បាវ, មី ២កេសតូច, ទឹកស៊ីអុីវ ២យួរ, ទឹកត្រី ២យួរ, ត្រីខកំប៉ុង ១កេស, ទឹកសុទ្ធ ៥កេស ទឹកក្រូច ២កេស និង ថវិកា ១លាន ៧៣ម៉ឺនរៀល ព្រមទាំង សាលាខណ្ឌដូនពេញ បានជួយឧបត្ថម្ភជាថវិកាចំនួន ១លាន ២០ម៉ឺនរៀល ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកគ្រួសារលោកអនុសេនីយ៍ឯក ហ៊ុន ឡា ផងដែរ៕
ដោយ៖ ស តារា