ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌច្បារអំពៅចុះមើលផ្លូវនិងលំនៅដ្ឋានប្រជាពលរដ្ឋរងគ្រោះដោយទឹកភ្លៀង

ចែករំលែក៖

ភ្នំពេញ៖ ទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺជាក្ដីកង្វល់របស់អាជ្ញាធរ ឆ្លើយតបទៅនឹង បញ្ហាប្រឈម ដែលកើតឡើងនៅចំពោះមុខ ជាពិសេស ក្ដីទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ដែលជួបការលំបាក ក្នុងការធ្វើដំណើរ និងរងគ្រោះដោយជំនន់ទឹកភ្លៀង  នៅព្រឹកថ្ងៃទី២២ ខែសីហាឆ្នាំ២០២២ លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានដឹកនាំ ក្រុមការងារ  ចុះពិនិត្យជាក់ស្ដែង នៅភូមិសាស្ត្រ ដែលរងគ្រោះ ដោយជំនន់ទឹកភ្លៀងនិងផ្លូវលំ ដែលរងនូវការខូចខាត ធ្វើឲ្យប្រជាពលរដ្ឋ ពិបាកក្នុងការធ្វើដំណើរ ស្ថិតនៅក្នុងភូមិព្រែកធំ២  សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។

     ក្នុងការចុះពិនិត្យជាក់ស្តែងនេះដែរ លោកអភិបាលខណ្ឌបានជំរុញឲ្យអាជ្ញាធរមូលដ្ឋានទៅរកវិធីយ៉ាងណា សម្របសម្រួលជាមួយម្ចាស់ដីដែលនៅព័ទ្ធជុំវិញទីតាំង ផ្ទះប្រជាពលរដ្ឋក្រីក្រដែលរងគ្រោះដោយសារទឹកលិចផ្ទះត្រាំត្រែង   ត្រូវជីក ប្រឡាយបង្ហូរទឹកចេញឲ្យបាន ដោយពន្យល់ប្រាប់ទៅខាងម្ចាស់ដីថា អាជ្ញាធរ មិនមានចេតនា ជីកប្រឡាយរួចហើយយកធ្វើជាប្រឡាយសាធារណៈនោះទេ ករណីនេះសូមបងប្អូនដែលជាម្ចាស់ដី កុំព្រួយបារម្ភឲ្យសោះ អាជ្ញាធរនិងធានាព្រមទាំងធ្វើលិខិតបញ្ជាក់អះអាងជូនផងដែរ ដោយមិនប៉ះពាល់ ដីរបស់បងប្អូនមួយចំអាមណាឡើយ ដូច្នេះ សូមបងប្អូនដែលជាម្ចាស់ដី នៅជុំវិញ ផ្ទះរងគ្រោះដោយទឹកភ្លៀងចូលរួមជាមួយអាជ្ញាធរ ដើម្បី រួមចំណែក ដោះស្រាយ ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារ ទឹកភ្លៀងលិចផ្ទះ ។

     ស្របពេលជាមួយគ្នានេះដែរ នៅគ្រាដែលលោកអភិបាលធ្វើដំណើរលើផ្លូវលំ ចូលទៅ ផ្ទះដែលរងគ្រោះដោយទឹកលិច បានពិនិត្យឃើញថា ផ្លូវលំ ពិបាកក្នុងការធ្វើដំណើរ  លោកអភិបាលខណ្ឌបានចាត់ចែងភ្លាមៗ ឱ្យក្រុមការងារដឹកក្រួសខ្សាច់ជាបន្ទាន់ យកមកចាក់បំពេញលើផ្លូវ ដើម្បីកុំឲ្យពិបាកក្នុងការធ្វើដំណើរ បង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវលំនេះ លើសពីនេះទៀត លោកអភិបាលខណ្ឌ ក៏មានបំណងចង់ពង្រីក ផ្លូវលំក្នុងភូមិឱ្យបានធំទូលាយផងដែរ ទាល់តែមានការចូលរួមពីម្ចាស់ដីដែលនៅអមសងខាងផ្លូវ ។ 

តែនៅពេលនេះយើងត្រូវដោះស្រាយបញ្ហាប្រឈមនៅចំពោះមុខសិន   

ដោយ ៖ សណ្តោស


ចែករំលែក៖