ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីស្នើលក់ប្រេងដល់បណ្តាប្រទេសអាស៊ី ដោយបញ្ចុះតម្លៃដល់ទៅ ៣០ភាគរយ

ចែករំលែក៖

រុស្ស៊ីបានពិភាក្សាជាមួយប្រទេសនៅក្នុងតំបន់អាស៊ី ដើម្បីចុះកិច្ចព្រមព្រៀងយូរអង្វែង ពីការទិញប្រេងរុស្ស៊ី ដោយបានបញ្ចុះតម្លៃដល់ទៅ ៣០% ។ សកម្មភាពខាងលើកើតឡើង ក្នុងពេលអាមេរិកកំពុងតែដាក់គំនាបទៅលើរុស្ស៊ី ក្នុងការនាំចេញប្រេងទៅកាន់ទីផ្សារអន្តរជាតិ។

មន្ត្រីមួយរូបដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា កិច្ចពិភាក្សាស្តីពីការផ្គត់ផ្គង់ប្រេង ដល់អតិថិជនរុស្ស៊ីនៅតំបន់អាស៊ី គឺមានតម្លៃថោកជាងទីផ្សារអន្តរជាតិដល់ទៅ៣០% ។ នេះជាការខិតខំរបស់រុស្ស៊ីដើម្បីបំបែកការឡោមព័ទ្ធនាំចេញប្រេងរបស់ទីក្រុងមូស្គូ ។
ក្នុងពេលនេះដែរ រុស្ស៊ីក៏កំពុងស្វែងរកអតិថិជនថ្មី ដើម្បីទិញប្រេងរបស់ខ្លួន ជំនួសអតិថិជននៅក្នុងតំបន់អឺរ៉ុប ក្នុងពេលតំបន់នេះហាមប្រាមទិញប្រេងពីរុស្ស៊ីនៅចុងឆ្នាំ ២០២២នេះ។
នៅលើបណ្តាញសង្គម Instagramរដ្ឋមន្ត្រីក្រសួងទេសចរណ៍ឥណ្ឌូនេស៊ី លោក Sandiaga Uno បានលើកឡើងថា ភាគីរុស្ស៊ីបានស្នើដល់ប្រទេសឥណ្ឌូនេស៊ី ទិញប្រេងពីរុស្ស៊ី ក្នុងតម្លៃថោកជាងទីផ្សារដល់ទៅ ៣០ % ។ ក្នុងពេលនេះដែរ ប្រធានាធិបតី Joko Widodo កំពុងតែត្រួតពនិត្យទៅលើសំណើរខាងលើ ។
បច្ចុប្បន្ន អាមេរិក និងលោកខាងលិច កំពុងតែគៀងគរបណ្តាប្រទេសឲ្យឈប់ទិញប្រេងពីរុស្ស៊ី ដែលជាការចូលរួមដាក់ទណ្ឌកម្មទៅលើប្រទេសនេះដែលបានធ្វើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។ ប៉ុន្តែរយៈពេលកន្លងមក ប្រាក់ចំណូលពីការលក់ប្រេងរបស់រុស្ស៊ីបានកើនឡើងជាងមុនទៅទៀត។
ចំណែកប្រទេសដាក់ទណ្ឌកម្មទៅលើរុស្ស៊ីវិញកំពុងប្រឈមបញ្ហាជាច្រើន ក្នុងនោះមានកង្វះថាមពល តម្លៃប្រេង ហ្គាស ឡើងថ្លៃ ប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋ ពិសេសនៅក្នុងរដូវរងាខាងមុខ អឺរ៉ុបត្រូវប្រឈមកង្វះថាមពល។ ទាំងនោះហើយបានជាប្រទេសមួយចំនួនងាកទៅរករុស្ស៊ីវិញ ៕ ដោយ៖ ធីរីណា

រូបថត៖ TTXVN 


ចែករំលែក៖