ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត Lexus RX-330 បើកបុកចូលផ្ទះលក់គ្រឿងបន្លាស់រថយន្តបណ្ដាលឱ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត Lexus RX330 ជ្រុលចង្កូតទៅបុកចូលផ្ទះលក់គ្រឿងបន្លាស់រថយន្តមួយកន្លែងបណ្ដាលឱ្យទ្វារផ្ទះរងការខូចខាតយ៉ាងដំណំ។

     ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នៅត្រង់ចំណុចផ្ទះលក់គ្រឿងបន្លាស់រថយន្តមួយកន្លែងតាមបណ្តោយផ្លូវលេខ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

   តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត Lexus RX330 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AP-3815 ចេញពីផ្លូវលេខ៥៩៨ មកផ្លូវលេខ១៩៨៦ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរេចង្កូតទៅខាងស្ដាំដៃជ្រុលទៅបុកចូលផ្ទះលក់គ្រឿងបន្លាស់រថយន្ដពេញទំហឹង បណ្តាលឱ្យទ្វារផ្ទះរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តរងការខូចខាតតិចតួច។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានឱ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា។ ក្រោយមកខាងភាគីរថយន្តបានចេញថ្លៃជួសជុលទ្វារឱ្យស្អាតឡើងវិញដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

ដោយ៖ និនសុភ័ស្ត


ចែករំលែក៖